វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna កំពុងត្រូវប៉ាន់ខ្លាំង បន្ទាប់ពីការសិក្សាបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាមួយកូវីដបំប្លែងថ្មី Delta
- BY
- autoadmin
- July 2, 2021
វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Moderna Inc បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 បំប្លែងខ្លួនរបស់ប្រទេសឥណ្ឌា ឬហៅថាវ៉ារ៉្យង «Delta» នៅក្នុងការសិក្សាមន្ទីរពិសោធន៍មួយ ជាមួយនឹងការឆ្លើយតបដែលអាចទទួលយកបាន បើធៀបនឹងជំងឺ COVID-19 ប្រភេទដើម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីពេលថ្មីៗនេះ។ លទ្ធផលត្រូវបានរកឃើញពីសេរ៉ូមឈាម (blood serum) របស់អ្នកចូលរួមចំនួន ៨នាក់ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងលើកទី២ របស់ក្រុមហ៊ុន Moderna គឺវ៉ាក់សាំង mRNA-1273 ក្រោយពេលចាក់បានមួយសប្ដាហ៍។

ក្រុមហ៊ុន Moderna បានអះអាងថា វ៉ាក់សាំងដែលខ្លួនបង្កើតឡើងមានការឆ្លើយតបប្រឆាំងនឹងវ៉ារ្យ៉ងផ្សេងៗគ្នានៅក្នុងការធ្វើតេស្តពិសោធន៍របស់ខ្លួន ប៉ុន្តែចំពោះជំងឺ COVID-19 បំប្លែងខ្លួននៅអាហ្វ្រិកខាងត្បូង (Beta) គឺវាមានការឆ្លើយតបតិចជាងគេ។ ពោលគឺវ៉ារ៉្យង់ Delta ត្រូវជាមួយវ៉ាក់សាំងរបស់ Moderna ច្រើនជាងជំងឺ COVID-19 បំប្លែងខ្លួននៅអាហ្វ្រិកខាងត្បូង ឬហៅថាវ៉ារ្យ៉ង់ Beta នេះបើតាមទិន្នន័យនៃការសិក្សារបស់ក្រុមហ៊ុន។
វ៉ាក់សាំងនេះបានកាត់បន្ថយប្រសិទ្ធភាពពី ៦ ទៅ ៨ ដង ចំពោះវ៉ារ៉្យង់ Beta បើប្រៀបនឹងសមត្ថភាពរបស់វាជាមួយនឹងជំងឺ COVID-19 ប្រភេទដើមដែលរកឃើញដំបូងនៅប្រទេសចិន ខណៈវាកាត់បន្ថយពី ៣.២ ទៅ ២.១ ដងប៉ុណ្ណោះ ចំពោះជំងឺ COVID-19 ដែលបំប្លែងខ្លួននៅប្រទេសឥណ្ឌា ទាំងវ៉ារ្យ៉ង់ Delta និង Kappa ។ មុននេះប្រទេសឥណ្ឌាក៏បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Cipla Ltd នាំចូលវ៉ាក់សាំងរបស់ Moderna ទៅប្រទេសរបស់ខ្លួន ខណៈភាគហ៊ុនរបស់ Moderna ឡើងបាន ៥.៥% ក្នុងតម្លៃ ២៣៥.៣៩ ដុល្លារអាមេរិក នៅថ្ងៃចេញផ្សាយលទ្ធផលនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






