អន្តរជាតិ

កោះភូកេតរបស់ប្រទេសថៃ ចាប់ផ្ដើមបើកដំណើរការឱ្យមានទេសចរណ៍អន្តរជាតិចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅថ្ងៃនេះ

BY
autoadmin
July 1, 2021

យោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ភូកេតដែលជាកោះកម្សាន្ដដ៏ពេញនិយមរបស់ប្រទេសថៃ បានបើកដំណើរការឱ្យមានទេសចរណ៍អន្តរជាតិចូលមកកម្សាន្តវិញនៅថ្ងៃនេះផ្ទាល់ បន្ទាប់ពីការបិទទ្វារព្រំដែនច្រើនជាងមួយឆ្នាំកន្លងមក។ អ្នកទេសចរក៏នឹងមិនចាំបាច់ធ្វើចត្តាឡីស័កទៀតដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូសយ៉ាងតិច ១៤ថ្ងៃ មុនចូលមកកាន់ប្រទេសថៃ ហើយបានធ្វើតេស្តអវិជ្ជមាននៅពេលមកដល់។

កោះភូកេតបានក្លាយជាតំបន់ទេសចរណ៍ដំបូងគេរបស់ប្រទេសថៃ ដែលបើកទ្វារទទួលអ្នកទេសចរបរទេសឡើងវិញ ដោយគ្មានការធ្វើចត្តាឡីស័កអ្វីនោះឡើយ ឱ្យតែពួកគេគោរពទៅតាមតម្រូវការដែលចាំបាច់របស់កោះ។ នេះគឺជាផ្នែកមួយនៃការសាកល្បងរបស់ប្រទេសថៃផងដែរ ដើម្បីអាចឱ្យទីតាំងទេសចរណ៍ ឬកន្លែងដទៃទៀត មើលឃើញពីលទ្ធផលរបស់ «Phuket Sandbox» ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញនាពេលខាងមុខនេះ។ ការបើកទ្វារនេះផងដែរ ក៏ជាហេតុផលមួយដែលកន្លងមកនេះ ថៃបានព្យាយាមឱ្យពលរដ្ឋនៅកោះភូកេត ទទួលការចាក់វ៉ាក់សាំងឱ្យបានតាមការកំណត់។

អ្នកទេសចរណ៍នឹងតម្រូវឱ្យមានសំបុត្របញ្ជាក់ (COE) ពីស្ថានទូតថៃប្រចាំការនៅប្រទេសរបស់ពួកគេនីមួយៗ ហើយរយៈពេល ៧២ ម៉ោងក្រោយមក ពួកគេត្រូវទទួលក្រដាសបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 មុនពេលហោះហើរទៅប្រទេសថៃ។ កុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលធ្វើដំណើរជាមួយឪពុកម្តាយអាចចូលខេត្ត ដោយមិនចាំបាច់ចាក់វ៉ាក់សាំងការពារក៏បាន។ ចំណែកការធានារ៉ាប់រងចំពោះសុខភាព និងការព្យាបាលជំងឺ COVID-19 តម្លៃយ៉ាងហោចណាស់ ១០០,០០០ ដុល្លារអាមេរិក នឹងត្រូវបានទាមទារឱ្យមានជាចាំបាច់ នៅពេលពួកគេស្នាក់នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: