អន្តរជាតិ

រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ចាប់ពីខែកញ្ញាឆាប់ៗនេះ ដើម្បីបង្កើនការការពារពីលើវ៉ាក់សាំងកាលពីលើកមុន

BY
autoadmin
July 1, 2021

រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ចាប់ពីខែកញ្ញារហូតតទៅ ដើម្បីជំរុញការការពារបន្ថែមទៀតមុនពេលរដូវរងារចូលមកដល់។ រដ្ឋាភិបាលនិយាយថា វ៉ាក់សាំងជំនួយ (booster) នេះនឹងត្រូវផ្តល់ជូនពលរដ្ឋ ដើម្បីពន្យារការការពាររបស់វ៉ាក់សាំងទាំង ២ដូស ដែលពលរដ្ឋបានចាក់ពីលើកមុន និងផ្តល់នូវភាពធន់បន្ថែមប្រឆាំងនឹងការបំប្លែងខ្លួននានា។ អ្នកដែលនឹងទទួលបានវ៉ាក់សាំងទី៣ នេះរួមមាន៖ អ្នករស់នៅផ្ទះថែទាំមនុស្សចាស់ មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ និងបុគ្គលិកថែទាំសុខភាពជួរមុខ។

យ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេសម្រេចចិត្តថា តើវ៉ាក់សាំងណាមួយដែលនឹងត្រូវប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងដូសទី៣នេះទេ។ រដ្ឋាភិបាលក៏និយាយដែរថា ប្រជាជនដែលនឹងទៅទទួលវ៉ាក់សាំងដូសទី៣នេះ ក៏គួរតែទទួលថ្នាំបង្ការជំងឺផ្តាសាយផងដែរ។ ឥឡូវនេះរដ្ឋាភិបាលកំពុងព្រួយបារម្ភថា នៅពេលដែលរដូវរងារចូលមកដល់ជំងឺផ្ដាសាយនឹងត្រឡប់មកវិញ ខណៈពេលដែលពួកគេកំពុងបន្ធូរបន្ថយការរឹតត្បឹតដែលមិនចាំបាច់។

លេខាធិការសុខាភិបាលលោក Sajid Javid បាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគឺកំពុងស្តារសេរីភាពឡើងវិញនៅក្នុងប្រទេស ហើយការចាក់វ៉ាក់សាំងជំនួយនេះនឹងការពារសេរីភាពនោះបន្ថែមទៀត។ រដ្ឋាភិបាលរំពឹងថា អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅភាគច្រើន អាចនឹងទទួលបានវ៉ាក់សាំងទាំង ២លើក នៅចុងរដូវក្តៅនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: