អន្តរជាតិ

WHO និយាយថា ហ្វូងមនុស្សដែលទៅទស្សនាបាល់ទាត់ EURO ឆ្នាំ២០២០ កំពុងធ្វើឱ្យមានការកើនឡើងនៃជំងឺកូវីដ១៩ថ្មីៗ

BY
autoadmin
July 2, 2021

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍នេះបាននិយាយថា អ្នកដែលចូលទៅទស្សនាដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ ពានរង្វាន់ទ្វីបអឺរ៉ុប ២០២០ (UEFA EURO 2020) ឬនៅតាមហាងស្រានិងបារ កំពុងតែជំរុញឱ្យមានការកើនឡើងនៃករណីជំងឺ COVID-19 នៅតំបន់អឺរ៉ុប។ WHO បានបន្ថែមថា ការចុះថយករណីថ្មីៗរយៈពេល ១០ សប្តាហ៍កន្លងមកនេះ នឹងត្រូវឈានដល់ទីបញ្ចប់ទៅវិញ ហើយរលកថ្មីនៃការឆ្លងគឺមិនអាចជៀសផុតបានទេ ប្រសិនបើអ្នកគាំទ្របាល់ទាត់និងអ្នកផ្សេងទៀតភ្លេចខ្លួនថាជំងឺ COVID-19 មិនទាន់រលត់ទៅវិញ។

កាលពីសប្តាហ៍មុនចំនួនករណីថ្មីបានកើនឡើង ១០% ដោយរួមបញ្ជូលទាំងក្រុមអ្នកគាំទ្រនៅតាមទីក្រុង ដែលម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការអឺរ៉ូ, ការធ្វើដំណើររបស់ពួកគេ និងការដកការរឹតត្បឹតនានា។ តំណាងរបស់ WHO គឺលោកស្រី Catherine Smallwood បានចង្អុលបង្ហាញថា យើងមិនគួរមើលត្រឹមតែកីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍ទាំងនោះទេ ព្រោះថាពលរដ្ឋដែលទៅទស្សនាដោយផ្ទាល់អាចនឹងធ្វើដំណើរតាមរថយន្តក្រុង ហើយពេលចេញពីមើលការប្រកួតរួច ពួកគេអាចនឹងទៅហាងស្រាឬបារ ដើម្បីមើលការប្រកួតផ្សេងបន្តទៀត។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់គឺលោក Horst Seehofer បានហៅការសម្រេចចិត្តរបស់គណៈកម្មាធិការគ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុប «គ្មានទំនួលខុសត្រូវទាល់តែសោះ» ចំពោះការដែលគណៈកម្មាធិការអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលពេញកីឡដ្ឋាន។ តែទោះជាយ៉ាងណា UEFA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ចំនួនអ្នកចូលទស្សនាគឺមានការកំណត់ត្រឹមត្រូវ គោរពទៅតាមបទប្បញ្ញត្តិដែលដាក់ឡើងដោយអាជ្ញាធរសុខភាពក្នុងតំបន់។ គួរឱ្យដឹងដែរថា ករណីជំងឺ COVID-19 នៅតំបន់អឺរ៉ុបកំពុងមានការកើនឡើងយ៉ាងខ្លាំង ខណៈដែលវ៉ារ្យ៉ង Delta កំពុងតែដើរតួសំខាន់នៅក្នុងរលកថ្មីនេះ៕

អត្ថបទ​៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: