ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ប្រទេសកាណាដាបានបាត់បង់ពលរដ្ឋជិត ៥០០នាក់ ហើយភូមិបុរាណតូចមួយស្ទើរតែឆាបឆេះទាំងស្រុង ដោយសារតែការឡើងកម្ដៅជិត ៥០អង្សាសេ
- BY
- autoadmin
- July 2, 2021
ភូមិមួយនៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវបានលេបត្របាក់ដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ខណៈភាគខាងលិចរបស់ប្រទេសនេះកំពុងប្រឈមអាកាសធាតុក្ដៅបំផុត ក្នុងកំណត់ត្រាមិនធ្លាប់មាន។ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា អគ្គីភ័យបានវាយប្រហារយ៉ាងចាស់ដៃលើភូមិ Lytton ដែលជាភូមិប្រវត្តិសាស្រ្តតូចមួយ មានចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រ ពីទីក្រុង Vancouver ហើយក្រោយមកមនុស្សប្រមាណ ១,០០០ នាក់ ត្រូវបានជម្លៀសចេញពីទីនោះ។ ពោលគឺកាលពីថ្ងៃអង្គារកន្លងទៅនេះ ភូមិ Lytton បានកើនឡើងកម្ដៅក្ដៅខ្លាំងរហូតដល់ទៅ ៤៩.៦ អង្សាសេឯណោះ។

ក៏មានសេចក្តីរាយការណ៍ពីការរងរបួស និងមនុស្សបាត់ខ្លួនផងដែរ ហើយប៉ូលីសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែមិនមានសុវត្ថិភាពក្នុងការចូលទៅក្នុងតំបន់ដែលបានឆាបឆេះនោះទេ ដោយកត់សម្គាល់ថា បរិវេណត្រួតត្រាដោយប៉ូលីសក៏ត្រូវបានបំផ្លាញដោយអគ្គិភ័យផងដែរ។ យ៉ាងណារហូតមកដល់ពេលនេះ គេនៅមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យនោះទេ។ ក្រៅពីអគ្គីភ័យនៅភូមិ Lytton ហើយនោះ នៅក្នុងខេត្ត British Columbia ទាំងមូលមានការស្លាប់ទាក់ទឹននឹងកម្ដៅយ៉ាងហោចណាស់ ៤៨៦ នាក់ផ្សេងទៀត ក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះផងដែរ។ ឥឡូវនេះអាជ្ញាធររបស់ប្រទេសកាណាដាកំពុងដាក់ការស៊ើបអង្កេតបន្ថែម ហើយប៉ូលីសបានបន្ទោសលើអាកាសធាតុ ដែលមានភាពក្ដៅខ្លាំងហួសហេតុមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






