យ៉ាងហោចណាស់មនុស្សជាង ៦០នាក់ បានរងរបួស និងអ្នកពន្លត់អគ្គិភ័យម្នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះរោងចក្រគីមីដ៏សាហាវមួយនៅខេត្តសាមុតប្រាកានរបស់ថៃ
- BY
- autoadmin
- July 6, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សជាង ៦០នាក់ បានរងរបួស ហើយអ្នកពន្លត់អគ្គីភ័យនៃមូលនិធិជួយសង្គ្រោះម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គីភ័យឆេះរោងចក្រគីមី Ming Dih Chemical Co នៅឯខេត្តសាមុតប្រាកាន ដែលស្ថិតនៅខាងក្រៅទីក្រុងបាងកក។ ផ្សែងពុលពីកន្លែងកើតហេតុបានសាយភាយទៅលើអាកាស ខណៈពលរដ្ឋដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រ ពីរោងចក្រត្រូវបានគេសុំឱ្យធ្វើការចម្លៀសចេញពីទីនោះ។

រូបភាពដែលថតបានពីកន្លែងកើតហេតុបានបង្ហាញថា ឧទ្ធម្ភាគចក្រត្រូវបានគេដាក់ពង្រាយដើម្បីជួយពន្លត់អគ្គីភ័យពីលើអាកាស នៅពេលដែលផ្សែងពុលកំពុងមានទិសដៅទៅរកទីក្រុងបាងកក ដែលអាចមើលឃើញបានរហូតដល់ទៅចម្ងាយ ២០ គីឡូម៉ែត្រ។ ប្រភពព័ត៌មាននិយាយថា រោងចក្របានឆាបឆេះឡើងនៅម៉ោងប្រហែលជា ៣ ទៀបភ្លឺ ហើយសាក្សីនៅជិតកន្លែងកើតហេតុក៍បានឮសំឡេងផ្ទុះជាច្រើនលើកផងដែរ។ ចំណែកឯអ្នកពន្លត់អគ្គីភ័យដែលបានស្លាប់មានឈ្មោះថា Kornsith Laophan ហើយគាត់មានអាយុទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ។ ប្រភពបានបន្ថែមថា ក្រុមពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ ២ម៉ោង ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍បាន ខណៈឥឡូវនេះការស៊ើបអង្កេតក៏កំពុងត្រូវបានធ្វើឡើងផងដែរ៕





អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






