អន្តរជាតិ

ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសដំបូងរបស់ក្រុមហ៊ុន​ Pfizer នៅព្រឹកស្អែកនេះ

BY
autoadmin
July 6, 2021

ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃច័ន្ទនេះថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៩០,០០០ ដូសដំបូង នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ នៅព្រឹកថ្ងៃពុធស្អែកនេះ ជាមួយការរំពឹងថានឹងទទួលបានវ៉ាក់សាំងបង្ការ ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech Inc នេះរហូតដល់ទៅ ៣ លានដូស សម្រាប់ចែកចាយក្នុងត្រីមាសទី៣ និង ២៧-២៨ លានដូសផ្សេងទៀត នៅក្នុងត្រីមាសទី៤។

រំលឹកផងដែរថា កាលពីខែឧសភាក្រសួងសុខាភិបាលវៀតណាមបានចរចា និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer ដើម្បីទិញវ៉ាក់សាំងចំនួន ៣១ លានដូស ហើយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ វៀតណាមបានអនុម័តវ៉ាក់សាំងនេះសម្រាប់ប្រើប្រាស់ជាបន្ទាន់ផងដែរ។

ខ្លួនក៏កំពុងចរចារកវ៉ាក់សាំងបន្ថែមចំនួន ៤៥ លានដូស ក្នុងគោលបំណងឱ្យមានវ៉ាក់សាំង ១៥០ លានដូស នៅឆ្នាំនេះផ្ទាល់ ដើម្បីគ្រប់គ្រាន់សម្រាប់ ៧០% នៃចំនួនពលរដ្ឋសរុប។ សព្វថ្ងៃវៀតណាមបានប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់កម្មវិធីវ៉ាក់សាំងជាតិរបស់ខ្លួន ដោយមនុស្សជាង ៣.៦ លាននាក់ បានទទួលចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ហើយមនុស្សជាង ២០៤,០០០ នាក់​ បានទទួលការចាក់ចំនួន ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: