ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីហៅថា «Lambda» ដែលរកឃើញដំបូងនៅប្រទេសប៉េរូ កំពុងក្លាយជាក្ដីបារម្ភថ្មីមួយទៀត
- BY
- autoadmin
- July 7, 2021
ជំងឺ COVID-19 បំប្លែងខ្លួនថ្មីមួយទៀតហៅថា Lambda ដែលត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោក កំពុងត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៧ ផ្សេងៗគ្នា ហើយវាបានក្លាយជាបញ្ហាប្រឈមថ្មីមួយទៀតរបស់ពិភពលោក។ ប្រភពព័ត៌មាន Euro News បានរាយការណ៍ថា Lambda បានរីករាលដាលជាពិសេសនៅទ្វីបអាមេរិចខាងត្បូង ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសប៉េរូ កាលពីខែសីហាឆ្នាំមុន ហើយឥឡូវនេះករណីថ្មីៗគឺកាន់តែច្រើនឡើងនៅក្នុងតំបន់ទាំងនោះ។

បើយោងតាមអង្គការសុខភាពអាមេរិកាំងផានអាមេរិក (PAHO) បាននិយាយថា Lambda ត្រូវបានរកឃើញលើករណីជំងឺ COVID-19 នៅប្រទេសប៉េរូរហូតដល់ទៅ ៨២% និង ៣១% នៅប្រទេសឈីលី កាលពីក្នុងអំឡុងខែឧសភានិងមិថុនា។ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៨ នៅតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន ហើយក៏មាននៅប្រទេសជាច្រើនទៀតម្ដងម្កាលផងដែរ។
ជំងឺ COVID-19 បំប្លែងខ្លួន «Lambda» ត្រូវបានគេជឿជាក់ថា ប្រហែលជាមិនត្រូវជាមួយវ៉ាក់សាំងនោះទេដោយសារភាពចម្លែករបស់វា ប៉ុន្តែទីប្រឹក្សាប្រចាំតំបន់របស់ PAHO ស្តីពីជំងឺដែលកំពុងកើតឡើងគឺលោក Jairo Mendez បាននិយាយថា វានៅមិនទាន់មានភស្ដុតាងអះអាងពីបញ្ហានេះទេ ដោយសារថាវានៅមិនទាន់មានការសិក្សាលម្អិតលើ Lambda ពីអ្នកវិទ្យាសាស្ត្រនៅឡើយ។ WHO ក៏បានដាក់ Lambda នៅក្នុងបញ្ជី «វ៉ារ្យ៉ង់គួរឱ្យចាប់អារម្ភ» ប៉ុន្តែមិនទាន់ហៅវាជា «វ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភ» នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Euro News
- Share This Post:






