អន្តរជាតិ

ពលរដ្ឋថៃរាប់រយនាក់ដេកមុខវត្តតាំងតែពីពេលយប់ ដើម្បីចាំធ្វើតេស្ដរកជំងឺកូវីដ១៩ ឥតគិតថ្លៃ ដោយសារការធ្វើតេស្ដនៅតាមមន្ទីរពេទ្យថ្លៃខ្លាំងពេក

BY
autoadmin
July 8, 2021

កាលពីយប់ថ្ងៃពុធម្សិលមិញនេះមានពលរដ្ឋថៃរាប់រយនាក់ បានប្រមូលផ្ដុំគ្នាដេកចាំនៅរបងវត្ត Phra Si Rattana Mahathat ក្នុងសង្កាត់ Bang Khen របស់ទីក្រុងបាងកក ដើម្បីអាចទទួលបានការធ្វើតេស្ដរកជំងឺ COVID-19 ដោយឥតគិតថ្លៃនៅទីនោះ។ ប្រភពព័ត៌មាន Coconut បាននិយាយថា ការធ្វើតេស្តដោយឥតគិតថ្លៃនឹងចាប់ផ្ដើមនៅម៉ោង ៨ ព្រឹកថ្ងៃបន្ទាប់ ហើយការឈរតម្រង់ជួរនឹងត្រូវចាប់ផ្ដើមនៅម៉ោង ៦ព្រឹក ក៏ប៉ុន្តែអ្នកខ្លះត្រូវបង្ខំចិត្តទៅផ្ទះវិញ ដោយសារគេទទួលមនុស្សត្រឹមតែ ៩០០ នាក់ប៉ុណ្ណោះ។

ស្ថានភាពនៅប្រទេសថៃមានភាពយ៉ាប់យ៉ឺនណាស់ ហើយមានពលរដ្ឋថៃខ្លះបានរិះគន់រដ្ឋាភិបាលខ្លួនថា រដ្ឋគួរតែគិតគូពីបញ្ហាការប្រមូលផ្ដុគ្នានៅពេលមកធ្វើតេស្ដ និងគួរតែមានការកក់ទុកតាមប្រព័ន្ធអ៊ីនធឺណេត ឬធ្វើឱ្យការធ្វើតេស្ដរកជំងឺ COVID-19 នៅតាមមន្ទីពេទ្យមានតម្លៃសមរម្យអាចទទួលយកបាន។ អ្នកខ្លះទៀតក៏បាននិយាយដែរថា រដ្ឋាភិបាលគួរតែគិតគូផ្ដល់ជូនឧបករណ៍តេស្ដអង់ទីហ្ស៊ែន (Rapid Antigen Test) ដើម្បីអាចឱ្យពលរដ្ឋធ្វើតេស្ដបានដោយខ្លួនឯងនៅផ្ទះ។

ក្នុងនោះផងដែរ សមាជិកគណបក្សអនាគតថ្មី (Move Forward Party) គឺលោក Wiroj Lakkhanaadisorn ក៏បានសរសេរសារមួយថា៖«ប្រើតេស្តអង់ទីហ្សែនដើម្បីបង្កើនល្បឿននៃការធ្វើតេស្ត។ សូមអនុញ្ញាតឱ្យសាធារណជនអាចទទួលបានឧបករណ៍ឥឡូវនេះផង!» ដែលនេះគឺជាសញ្ញាបង្ហាញពីការរិះគន់ទៅលើរដ្ឋាភិបាលថៃ។ គួរឱ្យដឹងដែរថា ចំនួនករណីជំងឺ COVID-19 របស់ប្រទេសថៃពេលនេះមានរហូតដល់ទៅ ២៧៩,៣៦៧ ករណី ហើយស្ថានភាពកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ខណៈដែលនៅតាមមន្ទីរពេទ្យពេលដោយអ្នកជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ Coconut

Share This Post: