ថៃរកឃើញកម្មករសំណង់ ៧នាក់ នៅទីក្រុងបាងកក បានឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួន ២ ប្រភេទផ្សេងគ្នាក្នុងពេលតែមួយ គឺ Alpha និង Delta
- BY
- autoadmin
- July 14, 2021
លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឱ្យដឹងថា មន្ត្រីសុខាភិបាលថៃបានរកឃើញករណីឆ្លងជំងឺ COVID-19 បំប្លែងខ្លួន ២ ប្រភេទក្នុងពេលតែមួយ ចេញពីកម្មករសំណង់ចំនួន ៧នាក់ នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ ប្រភពបាននិយាយថា មានកម្មករចំនួន ១នាក់ ក្នុងចំណោមពួកគេបានឆ្លងវ៉ារ្យ៉ង់ Alpha និង Delta ក្នុងពេលតែមួយ ខណៈដែលកម្មករ ៦ នាក់ផ្សេងទៀត បានឆ្លងវ៉ារ្យ៉ង់កូនកាត់រវាង Alpha និង Delta តែម្ដង។

លោកវេជ្ជបណ្ឌិតបាននិយាយថា កម្មករសំណង់ទាំង ៧នាក់ ឥឡូវនេះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ហើយលោកក៏បានចង្អុលបង្ហាញពីសារៈសំខាន់ នៅក្នុងការរឹតត្បិតទីលំនៅរបស់កម្មករទាំងក្នុង និងជុំវិញទីក្រុងបាកកង។ ប៉ុន្តែទោះជាយ៉ាងណាវានៅតែជាក្ដីបារម្ភថ្មីចំពោះប្រទេសថៃទាំងមូល ដោយសារបញ្ហាបែបនេះទាមទារឱ្យមានការត្រួតពិនិត្យបន្ថែម ជាពិសេសគឺការទប់ស្កាត់មិនគួរឱ្យជំងឺ COVID-19 បំប្លែងខ្លួនចំនួន ២ ផ្សេងគ្នា ក្លាយទៅជាការបំប្លែងខ្លួនថ្មី (កូនកាត់) មួយផ្សេងទៀតនោះឡើយ។
សំណាកចំនួន ១៥,០០០ ដែលត្រូវបានត្រួតពិនិត្យដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនាពេលកន្លងមក គឺមាន ៧៤% គឺជាវ៉ារ្យ៉ង់ Alpha ហើយក្រៅពីនោះគឺវ៉ារ្យ៉ង់ Delta ខណៈអ្នកជំនាញសុខភាពកំពុងខ្លាចថា វ៉ារ្យ៉ង Delta នឹងក្ដោបក្ដាប់ប្រទេសថៃទាំងមូល ដោយសារតែការឆ្លងរាលដាលថ្មីៗចុងក្រោយនេះ។ ករណីឆ្លងវ៉ារ្យ៉ង់ ២ ក៏មិនមែនទើបតែមាននោះដែរ ដោយប៉ុន្មានថ្ងៃមុននេះក៏មានការលើកឡើងពីករណីលោកយាយវ័យ ៩០ឆ្នាំម្នាក់ ដែលបានស្លាប់បន្ទាប់ពីឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ ២ ប្រភេទផ្សេងគ្នាក្នុងពេលតែមួយ នៅឯប្រទេសបែលហ្ស៊ិក៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍, ThaiPBS
- Share This Post:






