អន្តរជាតិ

ក្រុមហ៊ុនឱសថបារាំងសាណូហ្វី កំពុងធ្វើតេស្ដសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើមនុស្សដំណាក់កាលទី៣ នៅឯប្រទេសជប៉ុន

BY
autoadmin
July 14, 2021

ក្រុមហ៊ុនឱសថរបស់ប្រទេសបារាំងសាណូហ្វី (Sanofi) បាននិយាយថា ខ្លួនបានបើកការសាកល្បងព្យាបាលជំងឺ COVID-19 ដំណាក់កាលទី៣ នៅឯប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ លើវ៉ាងសាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ចំណែកការសិក្សាជាសកលផ្សេងទៀតរបស់ក្រុមហ៊ុន គឺនឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ៣៥,០០០ នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ហើយស្ថាប័នវេជ្ជសាស្រ្តចំនួន ៥ នៅប្រទេសជប៉ុន គឺស្ថិតក្នុងចំណោមទីតាំងតេស្ដសាកល្បងរបស់វ៉ាក់សាំងនេះ។

សាណូហ្វីកំពុងអភិវឌ្ឍវ៉ាក់សាំងប្រូតេអ៊ីនសិប្បនិម្មិតម្យ៉ាង ដែលដូចគ្នានឹងប្រូតេអ៊ីននៅលើផ្ទៃក្រៅរបស់វីរុសកូរ៉ូណា ជាមួយនឹងបច្ចេកវិទ្យាបន្សំហ្សែន ដែលអាចនាំទៅរកការផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុស។ សាណូហ្វីនិយាយថា ខ្លួននឹងដាក់ពាក្យសុំការយល់ព្រមនៅក្នុងប្រទេសជប៉ុន ដោយផ្អែកលើលទ្ធផលនៃការសាកល្បងព្យាបាលនៅទីនោះផ្ទាល់។ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនៅឯរោងចក្រមួយក្នុងខេត្ត Gifu ភាគកណ្តាលប្រទេសជប៉ុន បន្ទាប់ពីទទួលបានភ្លើងបៃតងសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននិយាយថា ខ្លួននឹងបន្តការត្រៀមខ្លួសម្រាប់ការផលិតវ៉ាក់សាំង ដូច្នេះក្រុមហ៊ុនអាចចែកចាយវ៉ាក់សាំងបានឆាប់បំផុតតាមដែលអាចធ្វើបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: