ប្រទេសជប៉ុនគ្រោងនឹងកំណត់អាយុអាចទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna ដល់អាយុ ១២ឆ្នាំ
- BY
- autoadmin
- July 15, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងកំណត់អាយុ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna រហូតដល់អាយុ ១២ ឆ្នាំ។ ជម្រាបផងដែរថា សព្វថ្ងៃនេះវ៉ាក់សាំងអាមេរិក Moderna ត្រូវបានអនុញ្ញាតសម្រាប់មនុស្សវ័យ ១៨ឆ្នាំ ឬច្រើនជាងនេះ នៅក្នុងប្រទេសជប៉ុន។ ហើយការសម្រេចចិត្តបែបនោះ គឺដោយសារតែពួកគេគ្មានទិន្នន័យគ្រប់គ្រាន់ ស្ដីពីប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំង ចំពោះមនុស្សវ័យជំទង់អាយុ ១៧ឆ្នាំ ឬតិចជាងនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការស្រាវជ្រាវក្រោយៗមកទៀតរបស់ក្រុមហ៊ុន Moderna វាបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាពចំពោះមនុស្សវ័យពី ១២ ទៅ ១៧ឆ្នាំ នៅក្នុងការសិក្សាដែលមានអ្នកចូលរួម ៣,៧០០ នាក់ នៅឯសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Moderna ក៏បានបញ្ជូនទិន្នន័យបន្ថែមទៅក្រសួងសុខាភិជប៉ុន បាលតាមរយៈក្រុមហ៊ុនឱសថ Takeda Pharmaceutical ដែលគ្រប់គ្រងការចែកចាយវ៉ាក់សាំង និងភារកិច្ចផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។ ចំណែកក្រសួងសុខាភិបាលជប៉ុននឹងបើកកិច្ចប្រជុំអ្នកជំនាញនៅព្រឹកថ្ងៃច័ន្ទសប្ដាហ៍ក្រោយលើបញ្ហានេះ ហើយគ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ បន្ទាប់ពីមានកិច្ចពិភាក្សាគ្នាជាមួយអ្នកជំនាញរួច៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






