យ៉ាងហោចណាស់មានមនុស្ស ៤៣នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅប្រទេសអាល្លឺម៉ង់
- BY
- autoadmin
- July 16, 2021
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៤៣ នាក់ បានស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ Schuld ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ផ្ទះចំនួន ៦ខ្នង នៅក្រុង Schuld ត្រូវបានបំផ្លិចបំផ្លាញ រីឯផ្ទះជាច្រើនខ្នងទៀតស្ទើរតែរលំស្រុតចុះ ខណៈសាលារៀនជាច្រើនក៏ត្រូវបិទទ្វារជាបណ្ដោះអាសន្នផងដែរ។

ក្រុមជួយសង្គ្រោះត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ដល់អ្នកដែលជាប់គាំងនៅលើដំបូលផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺកែល បាននិយាយនៅលើគណនី Twitter របស់រដ្ឋាភិបាលថា លោកស្រីពិតជាមានការសោកស្ដាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយនេះ។ ឥឡូវនេះឧទ្ធម្ភាគចក្រប៉ូលីស និងទាហានរាប់រយនាក់ ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយអ្នកស្រុកដែលជាប់គាំងដទៃទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






