អ្នកតវ៉ាប្រមាណ ១,០០០នាក់ បានប្រមូលផ្ដុំគ្នាទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារដោះស្រាយបញ្ហាជំងឺកូវីដ១៩ មិនបានល្អ
- BY
- autoadmin
- July 19, 2021
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅរាជធានីបាងកករបស់ប្រទេសថៃ ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវតែចុះចេញពីតំណែងរបស់លោក ដោយសារតែការដោះស្រាយបញ្ហាជំងឺ COVID-19 មិនបានល្អ។ ក្រុមអ្នករិះគន់បានបន្ទោសការកើនឡើងនេះ លើការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល រួមទាំងការផ្គត់ផ្គង់ថ្នាំបង្ការយឺតពេល។ ជម្រាបដែរថា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១,៣៩៧ ករណី កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងខ្ពស់បំផុតមួយ។

ប៉ូលីសបាននិយាយថា មានមនុស្សប្រហែលជា ១,០០០ នាក់ បានចូលរួមនៅក្នុងការតវ៉ានេះ បើទោះបីជាប្រទេសថៃបានចេញច្បាប់ហាមឃាត់ការប្រមូលផ្ដុំគ្នាលើសពី ៥នាក់ ហើយមានបាតុករខ្លះបានប៉ះទង្គិចជាមួយប៉ូលីសទៀតផង។ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ា ២នាក់ បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមបាតុករ ហើយក្នុងនោះក៏មានបាតុករចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួនផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






