កងទ័ពជើងទឹកកូរ៉េខាងត្បូងចំនួន ២៤៧ នាក់ នៅលើនាវា Munmu the Great ដែលល្បាតនៅប្រទេសសូម៉ាលី បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
- BY
- autoadmin
- July 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times បានរាយការណ៍ថា នាវិកចំនួន ២៤៧ នាក់ នៅលើនាវាពិឃាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មប្រឆាំងនឹងចោរកម្មតាមសមុទ្រ នៅឯដែនទឹកនៃប្រទេសសូម៉ាលី បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ តួលេខនេះគឺស្មើនឹង ៨០% នៃចំនួនសមាជិកនាវិកទាំងអស់ ៣០១ នាក់ នៅលើនាវាពិឃាត Munmu the Great ដែលបានបំពេញបេសកកម្មនៅឈូងសមុទ្រអាឌិន។

ប្រភពព័ត៌មានបាននិយាយថា ឥឡូវនេះមានសមាជិកចំនួន ៥០ នាក់ បានធ្វើតេស្តអវិជ្ជមាន ខណៈសំណាកចំនួន ៤ ទទួលបានលទ្ធផលមិនច្បាស់លាស់។ យោធាបានសាកល្បងតេស្ដរកជំងឺ COVID-19 ពីមនុស្សគ្រប់គ្នានៅលើនាវា ខណៈពួកគេក៏មិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 អ្វីនោះដែរ ដោយសារពួកគេចេញបំពេញបេសកកម្មតាំងតែពីខែកុម្ភៈ។ ពោលគឺយោធាទាំងនោះភាគច្រើនបាននៅក្នុងកន្លែងបិទជិត ប្រមូលផ្ដុំមនុស្សច្រើន ដែលងាយនឹងមានការប៉ះពាល់គ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងនាំនាវិកទាំងនោះត្រឡប់ទៅផ្ទះវិញភ្លាម ខណៈពេលនេះបុគ្គលិកថែទាំសុខភាព និងអង្គភាពផ្លាស់វេនមួយ បានចេញដំណើរទៅកាន់នាវា Munmu the Great កាលពីថ្ងៃអាទិត្យ។ ចំណែកសមាជិកសេវាកម្មនៅលើនាវាពិឃាតនឹងត្រូវត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃអង្គារ ប្រសិនបើក្រុមជំនួសអាចគ្រប់គ្រងស្ថានភាពបានដោយរលូន៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times
- Share This Post:






