អន្តរជាតិ

ប្រទេសវៀតណាមនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ី

BY
autoadmin
July 22, 2021

យោងតាមក្រុមហ៊ុនឱសថ ​VABIOTECH បានរាយការណ៍ថា ប្រទេសវៀតណាមនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 គឺ Sputnik V បន្ទាប់ពីការផ្ទេរបច្ចេកវិទ្យាជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ត្រូវបានបញ្ចប់ និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌល Gamaleya ដែលជាអ្នកបង្កើតវ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមនឹងប្រើប្រាស់វ៉ាក់សាំង Sputnik V ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន សម្រាប់កម្មវិធីចាក់វ៉ាក់សាំងជាតិផងដែរ ខណៈវ៉ាក់សាំង Sputnik V បានទទួលការយល់ព្រមពីក្រសួងសុខាភិបាលវៀតណាម តាំងតែពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ។

ប្រធានក្រុមហ៊ុន VABIOTECH គឺលោក Do Tuan Dat បានមានប្រសាសន៍ថា លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាង RDIF និងក្រុមហ៊ុនរបស់លោក នឹងជួយផ្តល់វ៉ាក់សាំង COVID-19 ដែលមានគុណភាព និងមានតំលៃសមរម្យដល់ប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៧១,១៤៤ ករណី ចាប់តាំងពីមានវត្តមានជំងឺនេះដំបូង ហើយមានករណីចំនួន ៦៩,០៤៣ ករណី គឺជាការឆ្លងក្នុងសហគមន៍។ ប្រទេសនេះបានចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៤.៣៦ លាននាក់ ឬ ៤.៥ % នៃចំនួនប្រជាជនសរុប ប៉ុន្តែមានតែ ៣២៤,៩៥៥ នាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងចំនួន ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: