អូស្រ្តាលីបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ
- BY
- autoadmin
- July 23, 2021
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសអូស្រ្តាលី គឺលោក Greg Hunt នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការថា ប្រទេសអូស្រ្តាលីបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវ៉ារ្យ៉ង Delta នៅក្នុងរដ្ឋចំនួន ៣ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

លោក Greg Hunt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលទំនិញសម្រាប់ការព្យាបាល បានវាយតម្លៃយ៉ាងហ្មត់ចត់នូវភស្តុតាងទាំងក្នុងស្រុក និងអន្តរជាតិ មុនពេលពង្រីកការព្រមព្រៀងរបស់ខ្លួនសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដើម្បីផ្តល់ការអនុញ្ញាតដល់ក្រុមអាយុនេះ។
ជម្រាបផងដែរថា ការបើកផ្លូវស្រដៀងគ្នាសម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទនេះចំពោះកុមារ ត្រូវបានអនុម័តជាច្រើនសប្តាហ៍មកហើយ ដោយនិយតករនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង់គ្លេស។ បច្ចុប្បន្ននេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅនៅក្នុងប្រទេសអូស្រ្តាលី៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






