ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សារព័ត៌មានថៃមួយ កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ថាពូកែសម្រប និងគ្រប់គ្រងស្ថានការណ៍ ជំងឺកូវីដ១៩ ជាងមេដឹកនាំរបស់ខ្លួន

    BY autoadmin July 26, 2021
    សារព័ត៌មានថៃមួយ កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ថាពូកែសម្រប និងគ្រប់គ្រងស្ថានការណ៍ ជំងឺកូវីដ១៩ ជាងមេដឹកនាំរបស់ខ្លួន

    សារព័ត៌មានថៃ Komchadluek កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងពីមេដឹកនាំឆ្លាតវ័យ នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺ COVID-19 ដោយពួកគេបានប្រៀបធៀបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន់ខាំ ភីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាមួយនឹងមេដឹកនាំរបស់ប្រទេសខ្លួនគឺលោក ប្រាយុទ្ធ ចាន់អូចា ។ ប្រភព Komchadluek បាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បានឆ្លើយតបយ៉ាងល្អជាមួយនឹងស្ថានការណ៍នៃជំងឺ COVID-19 ដោយមានការបញ្ជាទិញវ៉ាក់សាំងទាន់ពេលវេលា ពិសេសគឺបានចូលរួមក្នុងកម្មវិធី COVAX ខណៈដែលប្រទេសថៃខ្លួនឯងឯណោះវិញ បានក្លាយជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនចូលរួមជាមួយនឹងកម្មវិធី COVAX ។

    សារព័ត៌មាននោះបានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទិញ និងទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជា ៧ លានដូស គិតមកទល់នឹងពេលនេះ ហើយកាលពីថ្ងៃទី២២ ខែកក្កដា ថ្មីៗនេះ សម្ដេចក៏ទើបតែបានប្រកាសពីការទទួលវ៉ាក់សាំង Sinopharm ចំនួន ១ លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន។ ប្រភពព័ត៌មានបានបន្ថែមថា ខណៈដែលជំងឺ COVID-19 កំពុងមានការឆ្លងរាលដាលខ្លាំង សម្ដេចតេជោបានសម្របទៅតាមស្ថានការណ៍ជាក់ស្ដែង ដោយបានបញ្ជាទិញបន្ថែមទាំងវ៉ាក់សាំង Sinovac និង Sinopharm ដោយមានជើងហោះហើរដឹកជញ្ជូនវ៉ាក់សាំងពីប្រទេសចិនប្រចាំសប្ដាហ៍ ហើយគិតមកទល់ពេលនេះ មានពលរដ្ឋកម្ពុជា ៦ លាននាក់រួចមកហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។

    ចំណែកឯប្រទេសឡាវវិញ ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានទាំង ២ដូស ជូនដល់ពលរដ្ឋច្រើនជាង ១.៨ លាននាក់ រួចមកហើយ ខណៈដែលនាយករដ្ឋមន្ត្រីលោក ផាន់ខាំ ភីផាវ៉ាន់ ក៏បានប្រកាសពីជោគជ័យមួយនេះ ហើយបានប្ដេជ្ញាថា នឹងចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋឱ្យបានពាក់កណ្ដាលនៃចំនួនប្រជាជនសរុបរបស់ខ្លួន (ឡាវមានពលរដ្ឋសរុប ៧.៦ លាននាក់) ។

    ផ្ទុយពីប្រទេសថៃ ព្រោះថាប្រទេសនេះបាននិយាយតាំងតែពីដើមឆ្នាំ២០២១ រួចមកហើយថា ខ្លួននឹងមិនចូលរួមជាមួយកម្មវិធី COVAX នោះទេ ខណៈនាយករដ្ឋមន្ត្រីថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានលើកហេតុផលចំពោះការដកខ្លួននេះថា ប្រទេសរបស់លោកមិនអាចទទួលបានវាក់សាំងដោយឥតគិតថ្លៃ ហើយត្រូវចំណាយលើវ៉ាក់សាំងដោយខ្លួនឯង និងមិនអាចរើសប្រភេទវ៉ាក់សាំងដែលខ្លួនចង់បាននោះទេ។ ប៉ុន្តែឥឡូវនេះស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ហើយប្រទេសថៃផ្ទាល់ ក៏មិនអាចមានវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលាជូនពលរដ្ឋនោះដែរ។ ដូច្នេះប្រទេសថៃកំពុងងាកមករកកម្មវិធី COVAX ប៉ុន្តែវាយឺតពេលអស់ទៅហើយ ព្រោះថាពួកគេនឹងត្រូវរង់ចាំរហូតដល់ការចរចាជើងក្រោយនៅឆ្នាំ២០២២ ឯណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Komchadluek

    Share This Post: