អន្តរជាតិ

វៀតណាមបានឈានដល់កិច្ចព្រមព្រៀងយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងជំងឺកូវីដ១៩ របស់អាមេរិកមកផលិតនៅប្រទេសខ្លួន ដែលអាចចាប់ផ្តើមផលិតនៅឆ្នាំក្រោយនេះ

BY
autoadmin
July 26, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជាមួយសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមផលិតនៅឆ្នាំក្រោយនេះ។ លោករដ្ឋមន្រ្តីបានថ្លែងនៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាជាតិនីតិកាលទី១៥ ថា រោងចក្រដែលមានសមត្ថភាពផលិតចំនួន ២០០ លានដូស ក៏កំពុងនឹងសាងសង់ដែរ ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។ លោកបាននិយាយថា ប្រទេសវៀតណាមក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងបង្ការជាមួយប្រទេសរុស្ស៊ី និងជប៉ុនរួចហើយដែរ។

ជម្រាបដែរថាក្រុមហ៊ុន Vabiotech ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានផលិតវ៉ាក់សាំង Sputnik V បាច់ដំបូង (batch) របស់ខ្លួនកាលពីសប្តាហ៍មុន។ វ៉ាក់សាំងដំបូងនេះនឹងត្រូវបានវាយតម្លៃនៅក្នុងប្រទេសរុស្ស៊ី មុនពេលផលិតកម្មទ្រង់ទ្រាយធំចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម។ លោក Nguyen Thanh Long បាននិយាយថា ការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយរហូតមកដល់ពេលនេះ ប្រទេសវៀតណាមទទួលបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ១៣០ លានដូស និងកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតផ្សេងទៀត លើកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ៤០ លានដូស បន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: