មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រកឃើញស្រះបុរាណចំនួន៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMACបានរកឃើញ ស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែរប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

គួរបញ្ជាក់ កាលពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាម។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទចំនួន៦គឺ ប្រាសាទគោកគ្រង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និង ប្រាសាទដងទង់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរៀបចំដំណើរការដោះមីនជាបន្ទាន់ ៕




ប្រភព៖ ក្រសួងព័ត៌មាន