ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ

    BY Khmernote Media September 11, 2021
    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយរដ្ឋបាលរាជធានី សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជារៀបចំពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាន់ យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាងមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

    ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្ត ដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង០៤៖០០នាទីទៀបភ្លឺរហូតដល់វេលាម៉ោង១៩៖០០នាទី។

    ចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរតាមផ្លូវជាតិលេខ៥ ត្រូវឆ្លងទៅផ្លូវជាតិលេខ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ ៕

    Share This Post: