ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ ដែលបានលួចរត់គេចចេញពីមណ្ឌលព្យាបាល កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ហើយ

    BY Khmernote Media September 29, 2021
    រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ ដែលបានលួចរត់គេចចេញពីមណ្ឌលព្យាបាល កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ហើយ

    ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលបានរត់ចេញ​ពីមណ្ឌលព្យាបាល ក្នុងខេត្ត​ឧត្ដរមានជ័យ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យបានជ្រាបថា កាលពីវេលាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្អុង ស្ថិតនៅភូមិផ្អុង សង្កាត់កូនកៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបុគ្គលអ្នកជំងឺខាងលើត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

    ដោយប្រើប្រាស់យុទ្ធសាស្ត្រលួងលោមតាមទូរស័ព្ទរបស់កងកម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បុគ្គលវិជ្ជមានជំងឹកូវីដ-១៩ ខាងលើបានព្រមប្រគល់ខ្លួនកាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្តកំពង់ធំ បន្ទាប់ពីមានចេតនាចង់គេចលាក់ខ្លួននៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចជំនាញខេត្តកំពង់ធំ ជួយសម្របសម្រួលដាក់ឲ្យព្យាបាលបន្តនៅមណ្ឌលព្យាបាលសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅភូមិបល្លិង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ និងសមត្ថកិច្ចជំនាញ នៃខេត្តកំពង់ធំ ដែលបានបង្កលក្ខណៈ និងផ្ដល់កិច្ចសហការណ៍ល្អក្នុងប្រតិបត្តិការនេះរហូតទទួលបានលទ្ធផលជាវិជ្ជមាន ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងក្នុងករណីមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលិកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ៕

    ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

    Share This Post: