ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃ ២.៩ដុល្លារ និងប្រភេទមួយទៀតតម្លៃ ២ដុល្លារក្នុងមួយឧបករណ៍
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo សម្រាប់សាធារណជន ដោយកន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនីប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានរង ភ្នាក់ងារចែកចាយនិងសាធារណជន។

ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាងក្រោម៖
១.ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តេស្ត ហើយ ១ឧបករណ៍តេស្ត តម្លៃ ២,៩ដុល្លារអាម៉េរិក(ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)
២.ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ១ប្រអប់ មាន ២០ ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត មានតម្លៃ ២ដុល្លារអាម៉េរិក (ត្បាររាក់ៗពីក្នុងរន្ធច្រមុះ ដើម្បីយកសំណាក) ៕


ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications