ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ជំរុញឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

    BY Khmernote Media September 30, 2021
    ក្រសួងសុខាភិបាល ជំរុញឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានស្នើឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឱ្យទទួលបានការចាក់វ៉ាក់សាំង ដែលអាចឱ្យពួកគាត់មានវ៉ាក់សាំងក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។

    ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជា ពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា បច្ចុប្បន្ននេះដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានវឌ្ឍនភាពគួរជាទីមោទន ខណៈដែលខេត្តមួយចំនួន បានបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩រួចទៅហើយ។ លោកជំទាវបន្តថា ជាមួយនឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់សំាងនេះ ក៏នៅមានសេសសល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូចនេះ គ.វ.ក-១៩ ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរិះរកគ្រប់មធ្យោបាយក្នុងការចុះទៅចាក់វ៉ាក់សាំង ឱ្យប្រជាពលរដ្ឋបានគ្រប់គ្នានៅក្នុងមូលដ្ឋាន នៅទូទាំងខេត្ត ដើម្បីបង្កើតភាពស៊ាំនៅសហគមន៍ រួមទាំងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។

    លោកជំទាវបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋមួយចំនួនដែលគាត់រស់នៅក្នុងតំបន់ដាច់ស្រយាលពិបាកក្នុងការធ្វើដំណើរមកទទួលចាក់វ៉ាក់ សាំងកូវីដ-១៩នេះ អាជ្ញាធរមូលដ្ឋានរួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងនេះទៅចាក់ជូនពួកគាត់ដល់ក្នុងសហគមន៍តែម្តង ដើម្បីឱ្យពួកគាត់អាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល។

    យើងសង្កេតឃើញ គឺបងប្អូនដែលនៅទីឆ្ងាយដាច់ ស្រយាល ដែលគាត់មិនអាចធ្វើដំណើរមកចាក់បាន ដូច្នេះហើយបានជា គ.វ.ក-១៩ បានធ្វើការណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួចរាល់អស់ទៅហើយ តាំងពីមួយខែមុន គឺយើងបានណែនាំរួចហើយ សូមឱ្យជំរុញការចាក់នេះ មានន័យថាចល័ត ដែលរុញគ្រូពេទ្យរបស់យើងចល័តដល់ទីតាំង ទោះបីលំបាកប៉ុណ្ណាក៏ដោយ ក៏ក្រុមគ្រូពេទ្យត្រូវតែស្ពាយធុងវ៉ាក់ សាំងទៅរកបងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងដែលនៅឆ្ងាយដាច់ស្រយាល ហើយកន្លងមកនេះ តាមរយៈការអនុវត្តនេះយើងឃើញហើយថា មានកំណើនតួលេខមួយចំនួនប៉ុន្តែកំណើនតួលេខនេះក៏មិនទាន់មានច្រើនដែរ ក៏ប៉ុន្តែយើងត្រូវគិតថាការដែលយើងខិតខំប្រមែប្រមូលនូវបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ វាជាកិច្ចការមួយដែលទាមទារពេលវេលា។

    សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,២៧៣,២៦៣នាក់។ ក្នុងរួមមាន៖ ១.ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៩៤,០០៦នាក់, ២.ចាប់ពីអាយុ១២ដល់ ១៨ ឆ្នាំ ១,៧៥៦,៧៤៩នាក់, ៣.ចាប់ពីអាយុ០៦ដល់ ១២ ឆ្នាំ ១,៦២២,៥០៨នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: