ស្ពាន៧កន្លែង នៅតាមមាត់ប្រឡាយមេប្រឡាយទួលពង្រ១ ត្រូវបានស្ថាបនារួចរាល់ ១០០ភាគរយហើយ ជាមួយនឹងការស្ដារប្រឡាយធ្វើឱ្យទឹកហូរលឿន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានចំនួន ៧កន្លែង នៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារ បានស្ថាបនារួចរាល់១០០ ភាគរយហើយ ដែលធ្វើឱ្យតំបន់ធ្លាប់លិចលង់ខ្លាំង លែងលិចលង់ធ្ងន់ធ្ងរដូចពេលមុនៗទៀត ខណៈដែលការងារបុកស៊ីផាយនៅតាមមាត់ប្រឡាយមិនទាន់រួចរាល់ទេ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា នេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រនិងជម្រៅ ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដែលគិតមកដល់ត្រឹមថ្ងៃទី០១ ខែតុលានេះ ការដ្ឋានទាំងមូលសម្រេចបាន ១០០ភាគរយហើយ។
លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិ សាស្ត្រខណ្ឌមានជ័យទៅកាន់បឹងជើងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ គំរោងការនេះ បានកាត់បន្ថយជំនន់ទឹកភ្លៀងបានមួយកំរិតធំ។
គម្រោងស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះមានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ ម៉ែត្រគុណ នឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ។
លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារប្រឡាយ លូ ជាច្រើនខ្សែជាមួយនឹងការដាក់ប្រព័ន្ធលូខ្នាតធំជាច្រើនខ្សែផងដែរ ដែលបានធ្វើឱ្យតំបន់ដែលធ្លាប់លិច នៅក្នុងមូល ដ្ឋានខណ្ឌពោធិ៍សែនជ័យ ដូចជានៅខណ្ឌដង្កោ បានបន្ថយនូវការលិចលង់យ៉ាងច្រើន ។ ជាក់ស្តែងនៅឆ្នាំនេះ បុរីពិភពថ្មីត្រពាំងថ្លឹង៣ ដែលធ្លាប់តែលិច គឺមិនមានការលិចលង់ដូចបណ្ដាឆ្នាំមុនទៀតនោះទេ ។ ដោយឡែកនៅតំបន់វត្តភ្នំ ក៏លែងទទួល រងការលិចលង់ទៀតដែរ ដោយសារតែតំបន់នេះ គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤របស់ចៃកា ត្រូវបានបញ្ចប់ហើយនោះ ។
គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ៕




ប្រភព៖ ក្រសួងព័ត៌មាន