ឯកឧត្តមឃួង ស្រេង ណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅលេងស្រុកកំណើត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅលេងស្រុក កំណើត ដើម្បីធានាទប់ស្កាត់បញ្ហាចោរកម្ម និងសុវត្ថិភាពទីក្រុង។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រពន្ធ័Video Conferenceបន្ទាន់ នាព្រឹកថ្ងៃទី០៤ ខែតុលា បានធ្វើឡើងសំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាអសន្តិសុខនានានៅក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯក ឧត្តម អភិបាលរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទារឱ្យយើងត្រូវពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រកចេញ ចូលរាជធានីភ្នំពេញ។
ឯកឧត្តម បានថ្លែងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន បានចំណាយ ធនធានច្រើនណាស់ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា ការនឿយហត់របស់អាជ្ញាធរ និងសមត្ថកិច្ច គឺជាពលិកម្មដ៏មានតម្លៃដើម្បីសុខុមាលភាព ប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន,តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធាន ការ៣កុំ៣ការពារពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ចូលក្នុងរោង ចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។
ឯកឧត្តម ក៏បានណែនាំឱ្យមន្ទីរធម្មការនិងសាសនា ក៏ដូចជាអាជ្ញាធរខណ្ឌពង្រឹងវិធាន ការទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩និងញែកកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកម្សាន្ត, បៀរហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់៕


ប្រភព៖ ក្រសួងព័ត៌មាន