ព្រឹកមិញនេះ មានអគ្គិភ័យឆាបឆេះហាងលក់ដូរមួយនៅកោះរ៉ុង ឆេះខ្ទេចស្ទើរទាំងស្រុង (មានវីដេអូ)
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ជ្រាបដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២១នេះ មានអគ្គីភ័យមួយបានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើកោះរ៉ុង ដោយអគ្គីភ័យនេះ ឆេះហាងលក់ដូរមួយកន្លែង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

បើតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានអោយដឹងជាបឋមថា អគ្គីភ័យខាងលើនេះបានឆេះបំផ្លាញលំនៅដ្ឋានប្រមាណ២ខ្នង ហើយភ្លាមៗនោះមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអន្តរាគមន៍ពន្លត់កុំអោយមានការឆេះរាលដាលបន្ត។
ចំពោះមូលហេតុ និងការខូចខាតលោកអភិបាលក្រុងបានអោយដឹងជាបឋមថា ៖ ហាងបាយមួយដែលផ្តើមហេតុបានឆេះខូចខាតស្ទើរទាំងស្រុង និងហាងមួយទៀតនៅក្បែរគ្នានោះ ខូចខាតផ្នែកខ្លះ។ ហើយមូលហេតុនៃអគ្គីភ័យនេះគឺបណ្តាលមកពីធ្លាយធុងហ្គាសឆាបជាមួយភ្លើងចង្ក្រាន ។ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃដដែលនេះអគ្គីភ័យត្រូវគ្រប់គ្រងបានទាំងស្រុងហើយ៕


