ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ដើម្បីត្រៀមលក្ខណៈការពារជួយសង្គ្រោះ ក្រែងមានហានិភ័យដោយទឹកជំនន់

    BY Khmernote Media October 11, 2021
    ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ដើម្បីត្រៀមលក្ខណៈការពារជួយសង្គ្រោះ ក្រែងមានហានិភ័យដោយទឹកជំនន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ក្រែងមានហានិភ័យដោយទឹកជំនន់ ទឹកស្ទឹងកើតឡើង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងនាមអាជ្ញាធរ ជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ខណៈឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការងារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

    ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរ ជាម៉ែ ជាឪ របស់បងប្អូនប្រជាពរដ្ឋ គឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។

    នៅពេលមានជំងឺកូវីដ-១៩កើនឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថា យើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានធ្វើការណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង ។ ប៉ុន្តែយើងសង្ឃឹមនិងជឿជាក់ថា ទឹកជំនន់ព្រែកត្នោតឆ្នាំនេះ នឹងមិនបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនោះទេ។

    ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ក្នុងឱកាសអមដំណើរឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យអ្នកសារព័ត៌មានដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់ ៥,១៦ម៉ែត្រ ស្រកចុះ០,៦២ ។ នៅចំណុចរលាំងជ្រៃ ទឹកមានកម្ពស់ ៧,២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ០,២៨ម៉ែត្រ ។ យើងបានបើកទ្វារទឹកចំនួន៥ ដើម្បីកុំឱ្យទឹកចាល់។

    លោក ម៉ៅ ប៊ុនធឿន បន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះទៅ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកម្ពស់ ៥,១៨ម៉ែត្រ កើនឡើង០,៣៨ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩ ខែតុលាម្សិលមិញ ។ សម្រាប់ទ្វារទឹកកំពង់ទួលចំនួន៥ យើងបានបើកឱ្យដំណើរការចំនួន៤ទ្វារទឹក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: