រៀនធ្វើម្ហូប

[ទំព័រម្ហូប] ប្លែកទៀតហើយ “ទាវស្រួយទ្រង់គ្រឿង” ចង់ដឹងម្ហូបនេះដូចម្ដេចហើយរសជាតិបែបណាកុំភ្លេចរៀនធ្វើណា

BY
autoadmin
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត “ទាវស្រួយទ្រង់គ្រឿង” មកចែកជូន បងប្អូនច្បាស់ជាឆ្ងល់ហើយមែនទេ អ្វីទៅជាទាវស្រួយទ្រង់គ្រឿង? គឺជាការដែលយើងយកគុយទាវសរសៃតូចមកបំពងស្រួយក្រឡុកជាមួយគ្រឿងទេសនានាដើម្បីបង្កើនរសជាតិ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បង្គាស្រស់ ២០០ក្រាម
  2. ខ្ទឹមស ឬសជីវ៉ាន់សុយ ម្រេច បុកចូលគ្នាអោយម៉ត់ ១ស្លាបព្រាបាយ
  3. គុយទាវសរសៃតូចក្រៀម ៧០ក្រាម
  4. ខ្ទឹមក្រហមហាន់ស្តើងៗ ៥គ្រាប់
  5. ជ្រក់ខ្ទឹមសហាន់ល្អិតល្មម ៣គ្រាប់
  6. ស្ករត្នោត ៤ស្លាបព្រាបាយ
  7. ទឹកម្ទេស ១ស្លាបព្រាបាយ
  8. ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ
  9. ទឹកអំពិលទុំ ២ស្លាបព្រាបាយ
  10. ទឹកខ្មេះ ១ស្លាបព្រាបាយ
  11. ទឹកជ្រក់ខ្ទឹមសថៃ ១ស្លាបព្រាបាយ
  12. ទឹកត្រី ១ស្លាបព្រាកាហ្វេ
  13. ពងមាន់ ៣គ្រាប់

*វិធីធ្វើ

  • យកបង្គាមកហាន់ល្អិតល្មម រួចបើកភ្លើងខ្ទះចាក់ប្រេងឆាចូលទៅ រងចាំអោយខ្ទះក្តៅ ទើបដាក់គ្រឿងដែលបានបុកចូលទៅ លីងអោយឈ្ងុយ តាមដោយបង្គាឆាអោយឆ្អិន រួចបិតភ្លើងទុកមួយអន្លើរ
  • ក្រោយមកទៀតគួសពងមាន់ហ្វឹកអោយចូលគ្នាល្អ រួចចាក់ប្រេងឆាចូលក្នុងខ្ទះមួយទៀតក្រោយពេលដែលខ្ទះក្តៅ ចាក់ពងមាន់ក្រឡុកចូលទៅ ដោយប្រើកន្រ្តក​ត្រងកាត់ពងមាន់ក្រឡុករបស់យើងមុនចូលទៅក្នុងខ្ទះ ចៀនពងអោយឆ្អិនល្អ រួចទុកមួយអន្លើរ
  • ក្រោយមកយកគុយទាវសរសៃតូចក្រៀមទៅបំពងអោយស្រួយ​ និងមានពណ៍លឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • បើកភ្លើងខ្ទះ ដោយប្រើភ្លើងកណ្តាល ចាក់ប្រេងឆាចូលបន្តិច រួចដាក់ខ្ទឹមក្រហម និងជ្រក់ខ្ទឹមសចូលទៅលីងបំពងអោយលឿងនិងឈ្ងុយល្អ ផ្សំរសជាតិដោយ ទឹកអំពិលទុំ ទឹកខ្មេះ ទឹកជ្រក់ខ្ទឹមស​ ទឹកត្រី ស្ករត្នោត តាមដោយទឹកម្ទេស ទឹកប៉េងប៉ោះ ឆាអោយគ្រប់យ៉ាងចូលគ្នាល្អ រួចនាំសរសៃគុយទាវដែលយើងបំពងស្រួយចូលទៅច្របល់អោយចូលគ្នាល្អ និងចុងក្រោយដាក់បង្គាដែលយើងបានឆាទុកចូលទៅច្របល់អោយចូលគ្នាម្តងទៀត​ដួសដាក់ចាន រោយពីលើដោយ ពងមាន់ក្រឡុកហាន់សរសៃៗ និងស្លឹកខ្ទឹមជាការស្រេច។

Share This Post: