រៀនធ្វើម្ហូប

[ទំព័រម្ហូប] សាយ៉បន្លែ អាហារសម្រន់បែបសុខភាព តែរសជាតិវិញឆ្ងាញ់ប្លែកមាត់

BY
Liny Chan
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត សាយ៉បន្លែមកចែកជូន អាហារសុខភាព ហើយក៏ជាអាហារបួសផងដែរ ប៉ុន្តែបើនិយាយពីរសជាតិវិញឆ្ងាញ់ប្លែកមាត់ទៀត យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. បន្ទះសាយ៉ ៧បន្ទះ
2. ប្រេងសម្រាប់ឆាស្នូល ៣ស្លាបព្រាបាយ
3. សាច់ពោតលឿង ½ ចានចង្កឹះ
4. ស្ពៃក្តោបពណ៍ស្វាយ ½ ចានចង្កឹះ
5. ការ៉ុត ¼ ចានចង្កឹះ
6. ផ្សិតក្បាលខ្មៅ ៤០ក្រាម
7. ទឹកស៊ីអ៊ីវសៀង ២ស្លាបព្រាបាយ
8. ប្រេងសម្រាប់បំពង ១ចានចង្កឹះ

*គ្រឿងផ្សំទឹកជ្រលក់
1. ទឹកសុទ្ធ ¾ ចានចង្កឹះ
2. ស្ករត្នោត ៦ស្លាបព្រាបាយ
3. ទឹកត្រី ៣ស្លាបព្រាបាយ
4. ទឹកខ្មេះ ២ស្លាបព្រាបាយ
5. ម្ទេសស្រស់កិនម៉ត់ ១ស្លាបព្រាបាយ
6. សណ្តែកដីកិនម៉ត់ ៥ស្លាបព្រាបាយ

*វិធីធ្វើ
• ជាដំបូងយើងចាក់ប្រេងឆាចូលក្នុងខ្ទះ តាមដោយ ស្ពៃក្តោបពណ៍ស្វាយ ផ្សិត ពោតលឿង ការ៉ុត ឆាអោយចូលគ្នានិងឆ្អិនល្អ រួចផ្សំរសជាតិដោយ ទឹកស៊ីអ៉ីវសៀង រួចឆាចូលគ្នាម្តងទៀត បិតភ្លើងដួសទុកអោយត្រជាក់
• ក្រោយមកទៀតយើងមកចាប់ផ្តើមខ្ចប់សាយ៉ទាំងអស់គ្នា ដោយយកបន្ទះសាយ៉ មករួចដួសស្នូលដែលឆារួចចូលទៅ រួចប្រើទឹកស្អាតលាបមាត់នំដើម្បីអោយសាយ៉ជាប់គ្នាល្អ
• ក្រោយមកទៀត ចាក់ប្រេងសម្រាប់បំពង នៅពេលដែលប្រេងក្តៅ ដាក់សាយ៉ចូលទៅបំពង អោយលឿងស្រួយល្អរួចស្រង់ឡើងអោយស្រស់ខ្លាញ់
• បន្ទាប់មកយើងងាកមកធ្វើទឹកជ្រលក់ទាំងអស់គ្នា ដោយចាក់ទឹកសុទ្ធ ស្ករត្នោត កូរអោយស្កររលាយ និងពុះល្អ ក្រោយមកយើងចាក់ទឹកខ្មេះ ទឹកត្រី កូរអោយចូលគ្នា រង់ចាំអោយពុះម្តងទៀតរួចបិតភ្លើង
• រៀបចំសាយ៉ដាក់ចាន រួចដួសទឹកត្រី រោយពីលើទឹកត្រីដោយ ម្ទេសស្រស់កិនម៉ត់ ការ៉ុត និងសណ្តែកដី ជាការស្រេច។

Share This Post: