ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី១៨ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា

BY
srey nuch
October 12, 2021

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ(KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយ ណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។ ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវបណ្ដាឥទ្ធិពលមាន៖

– នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
– នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
– នៅថ្ងៃទី១៨-១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
– សីតុណ្ហភាព អតិបរមា មានពី ២៩ទៅ៣១°C
– តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, តាកែវ, ​ព្រៃវែង, និងរាជធានីភ្នំពេញ។

២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C
– សីតុណ្ហភាពអតិបរមា មានពី ២៩ទៅ៣១°C
– អាចនឹងមានខ្យល់ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣.តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
– សីតុណ្ហភាពអតិបរមា មានពី ២៨ទៅ៣០ °C
– អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា អាចមានភ្លៀងច្រើននិងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងនិងរលកសមុទ្រខ្ពស់មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប ៕

Share This Post: