ព័ត៌មានជាតិ

កម្លាំងការពារព្រំដែន បង្ក្រាបទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ១៣០នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង

BY
srey nuch
October 12, 2021

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក បង្រ្កាបទប់ស្កាត់បានទាន់ពេលវេលាប្រជាពលរដ្ឋដែលប៉ុនម៉ងលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់បានចំនួន ១៣០នាក់។

ក្នុងនោះមានស្រី្តចំនួន ៥២នាក់ និងកុមារចំនួន ១៣នាក់ ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។ រហូតមកដល់ពេលនេះសមត្ថកិច្ចបានបញ្ជូនពួកគាត់ទាំងចំនួន ១៣០នាក់នេះ ប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរស្រាវជ្រាវស្វែងអំពីមូលហេតុ និងស្វែងរកប្រភពមេខ្យល់ដែលជាអ្នកដឹកនាំប្រជាពលរដ្ឋលបលួចឆ្លងដែននេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: