អន្តរជាតិ

ប្រទេសវៀតណាមកំពុងរៀបចំជម្លៀសប្រជាជនប្រមាណ ២៥០,០០០ នាក់ ខណៈព្យុះស៊ីក្លូនត្រូពិច Kompasu កំពុងគំរាមកំហែងប្រទេសនេះ

BY
autoadmin
October 13, 2021

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម កំពុងរៀបចំជម្លៀសប្រជាជននៅភាគកណ្តាលចំនួន ៦៥,០០០ គ្រួសារ ដែលស្មើនឹង ២៥០,០០០ នាក់​ ខណៈព្យុះ Kompasu ដែលមានល្បឿនខ្យល់ពី ៧៥-៩០ គីឡូម៉ែត្រ/ម៉ោង កំពុងគំរាមកំហែងដល់ប្រទេសនេះ។ ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដោយលោក Pham Duc Luan អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងការពារគ្រោះធម្មជាតិ នៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងព្យុះនេះ។ ព្យុះនេះបានចូលមកក្នុងដែនទឹករបស់ប្រទេសវៀតណាមនៅយប់ថ្ងៃច័ន្ទ ហើយត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់កណ្តាលថ្ងៃព្រហស្បតិ៍។

អាជ្ញាធរក្នុងតំបន់បានដឹកនាំកប៉ាល់ចំនួន ៥៤,០០០ គ្រឿង ដែលមានសមាជិកនាវិកជាង ២៣០,០០០ នាក់ ដើម្បីចុះយកប្រជាជនដែលងាយនឹងរងគ្រោះ។ បច្ចុប្បន្នកប៉ាល់ចំនួន ៣ គ្រឿង មកពីខេត្ត Quang Ngai ជាមួយនឹងសមាជិកនាវិកចំនួន ២៩ នាក់ កំពុងបន្តដំណើរស្វែងរកប្រជាជននៅតាមទីតាំងដែលបានកំណត់។ ចំណែកខេត្តចំនួន ៧ ដែលបានប្រកាសមិនឱ្យទៅជិតសមុទ្ររួមមាន៖ Thai Binh, Quang Ninh, Nghe An, Ha Tinh, Quang Tri, Thua Thien Hue និង Quang Nam ។ រំលឹកដែរថា មនុស្សចំនួន ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីន ហើយ ១១ នាក់ទៀត បានបាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារទឹកជំនន់ និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនត្រូពិច Kompasu នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: