អន្តរជាតិ

ក្រុមហ៊ុនរថយន្ត Volvo ដាក់បានបង្ហាញយានអគ្គិសនីដែលធ្វើពីដែកគ្មានឥន្ធនៈហ្វូស៊ីល និងបើកបរដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោក

BY
autoadmin
October 14, 2021

កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Volvo បានសហការជាមួយក្រុមហ៊ុនផលិតដែកថែបស៊ុយអែត SSAB ដើម្បីអភិវឌ្ឍប្រភេទដែកថែបដែលមិនប្រើឥន្ធនៈហ្វូស៊ីល ហើយឥឡូវនេះពួកគេក៏សម្រេចបាននូវយានដែលផលិតពីដែកគ្មានឥន្ធនៈហ្វូស៊ីលដំបូងគេបង្អស់របស់ពិភពលោកពិតមែន នេះបើតាមការចុះផ្សាយរបស់ Engadget ។ វាគឺជាយានអគ្គិសនីកង់ ៤ ផលិតសម្រាប់យកថ្ម និងជីករ៉ែ, អាចបើកបរដោយខ្លួនឯង និងអាចដើរតាមផ្លូវតាមការកំណត់ (pre-programmed) ដើម្បីដឹកជញ្ជូនសម្ភារៈទៅទីតាំងធ្វើការជាដើម។

SSAB បាននិយាយថា ខ្លួនផលិតដែកថែបគ្មានឥន្ធនៈហ្វូស៊ីល ដោយការជំនួសធ្យូងថ្មដែលប្រើក្នុងកំឡុងពេលដំណើរការផលិត ជាមួយការប្រើអ៊ីដ្រូសែនពីអេឡិចត្រូលីស៊ីស (Electrolysis) ។ យ៉ាងណាទស្សនាវដ្តី Forbes បាននិយាយថា រថយន្តទាំងមូលមិនមែនជាប្រភេទគ្មានផូស៊ីល (fossil-free) ទាំងអស់នោះទេ ពីព្រោះដែកថែបដែលប្រើជាសមាសធាតុរបស់វា គឺផ្តល់ដោយអ្នកផ្គត់ផ្គង់ភាគីទី៣ ខណៈម៉ូទ័រអេឡិចត្រិចរបស់វា ត្រូវបានផលិតដោយប្រើមធ្យោបាយប្រពៃណីនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ CTO របស់ក្រុមហ៊ុន Volvo Group គឺលោក Lars Stenqvist បានប្រាប់ទៅកាន់សារព័ត៌មានថា «ដែកថែបភាគច្រើន» នៅក្នុងរថយន្តគឺមិនមានឥន្ធនៈហ្វូស៊ីលទេ។ ពោលគឺផ្នែករបស់រថយន្តប្រមាណជា ៨.២ តោន គឺផលិតពីដែកមិនប៉ះពាល់បរិស្ថាន  ហើយក្នុងនោះក៏រួមបញ្ចូលទាំងកង់របស់យានផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: