អង្គការសុខភាពពិភពលោកបាននិយាយថា ដំណើរការចុះបញ្ជីសម្រាប់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី កំពុងស្ថិតនៅក្នុងការរង់ចាំ
អន្តរជាតិ October 14, 2021 lyda

អង្គការសុខភាពពិភពលោកបាននិយាយថា ដំណើរការចុះបញ្ជីចំពោះការប្រើប្រាស់ក្នុងគ្រាអាសន្ន លើវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី គឺកំពុងស្ថិតនៅក្នុងការរង់ចាំ ដោយសារពួកគេត្រូវដោះស្រាយលើទិន្នន័យ និងនីតិវិធីច្បាប់មួយចំនួន ដែលអង្គការសហប្រជាជាតិសង្ឃឹមថា នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។ លោកស្រីវេជ្ជបណ្ឌិត Mariangela Simao ជំនួយការអគ្គនាយក WHO សម្រាប់ការទទួលបានថ្នាំ និងផលិតផលសុខភាព បាននិយាយថា៖«យើងកំពុងធ្វើការស្ទើរតែរាល់ថ្ងៃ ជាមួយក្រសួងសុខាភិបាលនៅប្រទេសរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលត្រូវបំពេញដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី»។

លោកស្រីវេជ្ជបណ្ឌិត Simao បាននិយាយថា នៅពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ WHO នឹងបង្ហាញ​ឯកសារ ឬទិន្នន័យដែលពាក់ព័ន្ធជាមួយវ៉ាកសាំង ហើយក៏នឹងមានក្រុមចុះទៅត្រួតពិនិត្យនៅរោងចក្រផលិតផងដែរ។ លោកស្រីបាននិយាយថា រាល់ការដាក់ស្នើត្រូវបានដោះស្រាយតាមវិធីដូចគ្នា ហើយមិនបានបញ្ជាក់ពីពេលវេលាកំណត់ថា តើដំណើរការចុះបញ្ជីអាចត្រូវបានបញ្ចប់នៅពេលណានោះទេ។ សម្រាប់បញ្ហារបស់ Sputnik V ពេលនេះ គឺពួកគេនៅខ្វះទិន្នន័យមួយចំនួន ដូច្នេះហើយការយល់ព្រមដោយ WHO នឹងមានភាពយឺតយ៉ាវទៅតាមនោះ។

គួរឱ្យដឹងដែរថា នៅប្រទេសរុស្ស៊ីគឺមានពលរដ្ឋតែ ៣៣% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ បើទោះបីជាប្រទេសនេះបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 តាំងពីដំបូងគេនៅលើពិភពលោកក៏ដោយ។ បញ្ហានេះបានធ្វើឱ្យលោក Vladimir Putin មានការព្រួយបារម្ភផងដែរ ហើយលោកក៏កំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ US News