ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ចំនួនអ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កើតឡើង លើអ្នកមិនបានចាក់វ៉ាក់សាំងមានចំនួនច្រើន

BY
srey nuch
October 14, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញថាគឺបានកើតឡើងលើអ្នកមិនបានចាក់វ៉ាក់សាំងមានចំនួនច្រើន ជាក់ស្តែងតួលេខនៃអ្នកស្លាប់ដោយកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែតុលា ម្សិលមិញក្នុងចំណោម ១៥ នាក់គឺមាន១៤ នាក់ជាអ្នកដែលមិនបានចាក់វ៉ាក់សាំងហើយបានកើតលើមនុស្សដែលមានវ័យចំណាស់។

ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលជាប្រភេទ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូសនេះ នឹងបម្រើឱ្យការងារចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ។ លោកជំទាវបានបន្តថា បច្ចុប្បន្នយើងនៅសល់វ៉ាក់សាំងក្នុងឃ្លាំង ចំនួន ៤,៥ លានដូស បូកទាំងថ្ងៃនេះ ២ លានដូសទៀត សរុប ៦,៥ លានដូស ជាមួយនេះនៅតាមខេត្តសុទ្ធតែមានស្តុកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរួចរាល់ហើយដែរ។ លោកជំទាវបន្តទៀតថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ការចាក់ដូសជំរុញនោះទេ ក្រៅពីវ៉ាក់សាំងនៅក្នុងស្តុកយើងនៅមានវ៉ាក់សាំងមួយចំនួនទៀតដែលជំនួយរបស់រដ្ឋាភិបាលចិន និងរដ្ឋាភិបាលប្រទេសជាមិត្តមួយចំនួនទៀត។ លោកជំទាវរដ្ឋលេខាធិការគូសបញ្ជាក់ទៀតថា យើងបានពិនិត្យឃើញក្រោយពីមាន ការស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋ ១០ លាននាក់ដែលជាគោលដៅចាក់វ៉ាក់សាំង ដែលតួលេខយើងចាក់បានប្រមាណ៩៩ភាគរយ ស្ទើរតែ១០០ភាគរយទៅហើយនោះ ដូច្នេះប្រជាជនមានករណីឆ្លងខ្លះដែរ។ ប៉ុន្តែមិនមានចេញរោគសញ្ញានោះទេ បានសេចក្តីថាគាត់មានវិជ្ជមានគឺគាត់ទៅព្យាបាលនៅផ្ទះយ៉ាងច្រើនកាត់មានមានឈឺកតិចតួច ហើយគាត់នៅផ្ទះបន្តធ្វើការពិនិត្យព្យាបាលដោយខ្លួនឯង។ លោកជំទាវបានលើកឡើងថា ដូចគ្នាដែលនៅតាមរោងចក្រសហគ្រាសកម្មកររោងចក្រពេលត្រឡប់មកពីបុណ្យភ្ជុំបិណ្ឌវិញ គាត់ធ្វើការពិនិត្យសំណាកតាមរយៈតេស្តរហ័ស ហើយក៏មានឃើញវិជ្ជមានដែរ ប៉ុន្តែវាមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ ដូច្នេះគាត់ទៅសម្រាកព្យាបាលនៅផ្ទះ ហើយរាល់ថ្ងៃនេះយើងឃើញព័ត៌មានចេញជាប្រចាំថ្ងៃករណីវិជ្ជមានត្រឹមតែចន្លោះពី ២០០ ទៅជាង២០០នាក់ បានន័យថា ករណីឆ្លងមានរោគសញ្ញា គឺមានតែជាងពីររយនោះឯង ហើយវាមិនមែនជាការឆ្លងជាគំហុគដែលមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។

ពាក់ព័ន្ធនិងសំណួរពីការបើកសេដ្ឋកិច្ចសង្គមឡើងវិញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងថា គណៈកម្មការអន្តរក្រសួង ក៏ដូចជាគណៈប្រចាំការនិងរៀបចំគោលនយោបាយ ដើម្បីត្រៀមបើកប្រទេសឡើងវិញហើយបើកយើងត្រូវតែប្ដូរឥរិយាបថរស់នៅក្នុងគន្លងថ្មី។ បើមិនដូច្នេះទេថ្ងៃក្រោយទៅ គឺយើងមិនអាចបន្តបិទប្រទេសបានទេ យើងចាំបាច់ត្រូវតែរស់នៅជាមួយ នឹងវីរុសនេះ ដោយអនុវត្តន៍នូវ៣កុំ ៣ ការពារ យើងត្រូវបើកទាំងសេដ្ឋកិច្ច, ទាំងវិស័យអប់រំនិងវិស័យផ្សេងៗទៀតតែដោយភាពប្រយ័ត្នប្រយែងបើយើងអនុ វត្តបានបីកុំបីការពារគឺយើងអាចបើកបានហើយ ប្រមុខរាជរដ្ឋាភិបាលនឹងសម្រេចនូវផែនការដែលគណៈកម្មការបានរៀបចំជូន។ បើតាមលោកជំទាវ យក់ សម្បត្តិបានឱ្យដឹងថា ល្ងាចថ្ងៃនេះ នឹងមានកិច្ចប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រីដែលជាប្រធានគណៈប្រចាំការគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ថាតើវិស័យអ្វីខ្លះដែលត្រូវពិនិត្យមើលឡើងវិញ ហើយយើងត្រូវរៀនរស់បែបណាខ្លះដើម្បីបើកសេដ្ឋកិច្ចនិងបើកប្រទេសយើងឡើងវិញ។ លោកជំទាវបន្តថា សម្ដេចតេជោបានលើកឡើងហើយថា វិស័យ ទេសចរណ៍គឺជាវិស័យសំខាន់ហើយដែលបញ្ហាសំខាន់គឺត្រូវចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។ ទន្ទឹមនេះដែរ ក្រសួងទេសចរណ៍ ជាមួយនឹងគណៈកម្មការអន្តរក្រសួងក៏ដូចជាគណៈប្រចាំការ កំពុងតែពិភាក្សាហើយ ឯកសារគោលនយោបាយយុទ្ធសាស្ត្រ របស់ក្រសួងទេសចរណ៍ យើងកំពុងដាក់ឆ្លងគណៈកម្មការហើយ ដើម្បីពិនិត្យមើលថា យើងត្រូវសង្កត់ធ្ងន់ទៅលើប្រទេសណាខ្លះដែលមានហានិភ័យទាបហើយប្រទេសណាខ្លះដែលមានហានិភ័យខ្ពស់ ហើយពេលចូលមកត្រូវមានអ្វីខ្លះ គឺយើងមានឯកសារគ្រប់គ្រាន់ ហើយប្រហែលជាចុងឆ្នាំនេះក្រសួងទេសចរណ៍នឹងដាក់ជូនទៅគណកម្មការដើម្បី សុំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន ៣៧,៥ លានដូសហើយសម្រាប់ចាក់ជូនប្រជាពលរដ្ឋហើយបើគិតទាំងវ៉ាក់សាំងកូវីដ១៩ដែលមកដល់ ២លានដូសនៅថ្ងៃនេះ។ បើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ (ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង) អ្នកចាក់ដូសទី១ បានចំនួន ៩ ៩៣២ ១៤៥ នាក់ អ្នកចាក់ដូសទី២បានចំនួន ៩ ៥៦១ ៥៩០ នាក់ ស្មើនឹង ៩៩,៣២ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី៣ ចំនួន ១ ១៤៨ ៤២៧ នាក់។ (កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៧៧១ ៧០៦ នាក់ អ្នកចាក់ដូសទី២ ចំនួន ១ ៦៥៨ ៥៧៩ នាក់ស្មើនឹង ៩០,០៧ភាគរយ នៃក្រុមគោលដៅសរុបជិត២លាននាក់។ (កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ) អ្នកចាក់ដូសទី១ ចំនួន ១ ៨៤១ ៩៧២ នាក់ អ្នកចាក់ ដូសទី២ចំនួន ៩១១ ១២៨ នាក់ស្មើនឹង ៩៧,០៨ភាគរយ នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៤,៦៦ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: