ព័ត៌មានជាតិ

អាជីវករលក់ដូរ ទាំងផ្សាររដ្ឋនិងឯកជន និងប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បើមិនបង្ហាញកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាតឱ្យបើកតូបលក់ដូរ និងចូលទិញម្ហូបដាច់ខាត

BY
srey nuch
October 14, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ បានបញ្ជាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឱ្យចូលទៅក្នុងផ្សារបាន ហើយសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេក៏មិនអនុញ្ញាតឱ្យបើកតូបលក់ដូរដែរ។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួល ទំពូង បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលានេះថា គណៈកម្មការផ្សារទួល ទំពូងបានរៀបចំនៅតាមច្រក ចេញចូលផ្សារទាំងអស់ដោយមិនអនុញ្ញាតឱ្យបងប្អូនប្រជា ពលរដ្ឋចេញចូលផ្សារដោយមិនបានបង្ហាញកាតចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ នោះទេ មានន័យថា បើបងប្អូនប្រជាពលរដ្ឋមិនមានការចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។

ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឱ្យចូលលក់ដូរជាដាច់ខាតដូចគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូងទាំងអស់ ក្រុមការងាររបស់លោកបានចុះធ្វើការត្រួត ពិនិត្យហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ។

ចំណែកឯ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្ម ការផ្សារអូឡាំពិក បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែតុលានេះដែរថា អនុវត្តតាមសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ ខែតុលា របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបាន អនុវត្តតាំងពីថ្ងៃទី១១ខែ តុលា មកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករនិងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារមួយចំនួនបានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ ។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីគណៈ កម្មការផ្សារជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករ បានអនុវត្តនិងសហការបានយ៉ាងល្អជាមួយគណៈកម្មការផ្សារមានន័យថា ពេលចេញចូលផ្សារនិង មកប្រកបអាជីវកម្មនៅក្នុងផ្សារ ពួកគាត់មានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។ លោកក៏បានបញ្ជាក់ផងដែរថា ក្រៅពីឱ្យបងប្អូនជីវករនិងបងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

យោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ ខែតុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share This Post: