លោកស្នងការខេត្តកំពត បង្កើតកម្មវិធីចុះជួបប្រជាពលរដ្ឋតាមឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយជូនពលរដ្ឋអោយស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
ព័ត៌មានជាតិ October 15, 2021 Khmernote Media

ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសថានឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ នេះបើតាមការអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាន។

នៅក្នុងការប្រកាសនោះបានរៀបរាប់ថា៖ “ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកមេប៉ុស្ត៏ទាំងអស់និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត ក្នុងករណីលោកមេប៉ុស្ត៏មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស ។”