អន្តរជាតិ

យ៉ាងហោចណាស់មានមនុស្ស ៥នាក់ បានបាត់ខ្លួន បន្ទាប់ពីប្រទេសវៀតណាមប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាចាប់តាំងពីថ្ងៃសៅរ៍

BY
autoadmin
October 18, 2021

មនុស្សយ៉ាងតិចណាស់ ៥ នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាម។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មាន ២នាក់ រស់នៅខេត្ត Nghe An និង Thua Thien-Hue និងម្នាក់ទៀតនៅខេត្ត Quang Tri ។ ការរួមបញ្ចូលគ្នានៃសម្ពាធត្រជាក់នៃតំបន់ត្រូពិក និងខ្យល់បក់នៅជួរភ្នំ Truong Son បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគកណ្តាលចាប់តាំងពីថ្ងៃសៅរ៍ ដោយមានភ្លៀងធ្លាក់ពី ៧០ ទៅ ១៥០ មីល្លីម៉ែត្រ។

នៅខេត្ត Quang Nam ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្ទះចរាចរណ៍នៅតំបន់ខ្លះ ដោយសារអាជ្ញាធរមូលដ្ឋានដាក់របាំងការពារ ដើម្បីកុំឱ្យប្រជាពលរដ្ឋចូលទៅក្នុងតំបន់លិចទឹក។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបាននិយាយថា បណ្តាខេត្តកណ្តាលចាប់ពី Ha Tinh ទៅ Thua Thien-Hue នឹងត្រូវមានភ្លៀងធ្លាក់ខ្លាំងកម្រិត ៥០០ មីល្លីម៉ែត្រ រហូតដល់ថ្ងៃច័ន្ទនេះ ខណៈដែលបរិមាណទឹកភ្លៀងត្រឹម ១៨០ មីល្លីម៉ែត្រ ក្នុងមួយថ្ងៃ អាចចាត់ទុកថាធ្ងន់ធ្ងរទៅហើយ។ អ្នកជំនាញឧតុនិយមបាននិយាយថា តំបន់ភាគកណ្តាលនៃប្រទេសវៀតណាមពី Da Nang ទៅ Quang Ngai និងផ្នែកមួយនៃតំបន់ខ្ពង់រាបកណ្តាល រំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងប្រមាណ ៣០០ មីល្លីម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: