សមត្ថកិច្ចថៃ ឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី លួចឆ្លងដែនខុសច្បាប់ ចំនួន១០៤នាក់ នៅស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ពលករខ្មែរចំនួន ១០៤នាក់ ក្នុងនោះប្រុស៦៣និងស្រី៤១នាក់ ត្រូវបានកម្លាំងទាហានស្រុកតាបប្រាយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៣ និងនគរបាលការពារព្រំដែនទី១២ អាជ្ញាធរស្រុកតាបប្រាយ៉ា បានល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងឃ្លាំមើលការលួចឆ្លងដែនខុសច្បាប់ ឈានទៅចាប់ខ្លួន នៅបរិវេណភូមិណាង ង៉ាម-ម៉ឺនសំបូណ៌ ចម្ងាយពីថ្នល់ត្រឹមតែ៥០ម៉ែត្រ ឃុំ/ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចថៃបានយកទៅសួរនាំនៅទីបញ្ជាការកងរយទី៣។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចថៃ ៖ ក្រោយពីធ្វើការសួរនាំពលករខ្មែរទាំងអស់បានសារភាពថា ពួកគេធ្វើដំណើរមកពីប្រទេសកម្ពុជា ដើរចូលមកតាមច្រករបៀងបរិវេណព្រំដែនកម្ពុជា-ថៃ ដើម្បីរង់ចាំរថយន្តមកទទួល ដោយមានបំណងទៅធ្វើការងារសំណង់ និងស៊ីឈ្នួលទូទៅ នៅខេត្តឈុនបុរី, សមុទ្រ ប្រាកាន,ព្រះនគរ ស្រីអយុទ្ធធ្យា,ក្រុងបាងកក,ឆះឆឺងសៅ,រ៉ះយ៉ង និងខេត្តប្រាជីនបុរី ដោយចំណាយលុយក្នុងម្នាក់ពី៥,០០០ទៅ៧,០០០បាត និងខ្លះ៩,០០០បាត។ ក្រោយពីសួរនាំរួចសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ទៅឲ្យសមត្ថកិច្ចជំនាញស្រុកតាបប្រាយ៉ា ដើម្បីចាត់វិធានការបន្ត និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ឆ្លងតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងថ្ងៃដ៏ដែលនេះផងដែរ៕



ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ