ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ជ្រើសរើសទីតាំងសាងសង់បន្ទប់អគ្គិសនី និងប៉មជួយសង្គ្រោះ

    BY Khmernote Media October 19, 2021
    ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ជ្រើសរើសទីតាំងសាងសង់បន្ទប់អគ្គិសនី និងប៉មជួយសង្គ្រោះ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រសៀលថ្ងៃ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ)បន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំណុចផែ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ។

    ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងសាងសង់បន្ទប់អគ្គិសនី និងទីតាំងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ) នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំបងប្អូនអាជីវករលក់ដូរ នៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំងរបស់ខ្លួន ឱ្យបានស្អាតល្អជាប់ជាប្រចាំ ព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ហើយភ្ញៀវត្រូវការភាពស្អាត និងបរិស្ថានល្អ។

    ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏ណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរាបស្មើ ដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់។ ឯកឧត្តមក៏បានបន្តដំណើរទៅពិនិត្យមើលបន្ទប់ទឹកសាធារណៈនៅតាមឆ្នេរ និងមើលសកម្មភាពដាំកូនស្ងាវ ដើម្បីលម្អនៅតាមបណ្តោយឆ្នេរ កាន់តែមានសោភ័ណភាពបន្ថែមទៀត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: