ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ និងអ្នកជាសះស្បើយពីកូវីដ និងអ្នកមានជំងឺប្រចាំកាយ
រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។

រហូតមកដល់បច្ចុប្បន្ននេះ គ.វ.ក-១៩ សង្កេតឃើញថា មានប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ ០៦ឆ្នាំឡើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងច្រើន ក្នុងចំណោមនោះក៏មានលោកតា និងលោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាពផងដែរ។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានស័្មគ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។
គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹកជូនសាធារណជនជ្រាបផងដែរថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចនេះ ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយជាអតិបរមា នូរអត្រាស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ស័្មគ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបងប្អូនអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឲ្យបានគ្រប់ៗគ្នា។ ចំពោះប្រជាពលរដ្ឋដែលជាក្រុមគោលដៅ និងជាក្រុមប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរជំងឺកូវីដ-១៩ ដែលអាចស័្មគ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម៖
-ប្រជាពលរដ្ឋដែលមានហានិភ័យ
-ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ
-អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី ៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត
-អ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន ៕
សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល លម្អិតដូចខាងក្រោម៖

