បងប្អូនភ្លោះកើតថ្ងៃជាមួយគ្នា ចេញឆក់ជាមួយគ្នា ជាប់ខ្នោះក៏ជាមួយគ្នា
ក្រុងព្រះសីហនុ-ជនសង្សយ័ជាកូនភ្លោះពីរនាក់ដែល ឆក់កាបូបភ្ញៀវទេសចរណ៍បរទេស ត្រូវនគរបាល ស្ទាក់ដេញចាប់បានទាំងយប់ នៅជិតរង្វង់មូលតោពីរក្រុងព្រះសីហនុ កាលពីវេលាម៉ោង២០:៣០នាទីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្តព្រះសីហនុអោយដឹងថា មុនចាប់ខ្លួនបាន ជនសង្សយ័ទាំង២នាក់នេះ ជិះម៉ូតូ មកឆក់កាបូបជនជាតិចិន៦នាក់ ដែលកំពុងដើរកំសាន្ត នៅចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់មកបានបេីកម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល។ ម្ចាស់កាបូបឈ្មោះ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅសណ្ឋាគារជីងតាវ នៅក្រុមទី២២ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។
ជនសង្សយ័ទាំង២នាក់ ជាបងប្អូនភ្លោះនិងគ្នា ទី១-ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ និងទី២-ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ អ្នកទាំងពីរ ស្នាក់នៅ អគារបុគ្គលិកកាស៊ីណូ ក្រោយ អិល.វី ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជាមួយនឹងការចាប់ខ្លួននេះសមត្ថកិច្ច ចាប់យកបាន វត្ថុតាងប្រគល់អោយជនរងគ្រោះវិញរួម មាន ៖
១.កាបូបយួរដៃ ពណ៌ទឹកប៉ិច ១
២.កុំព្យូរទ័រយួរដៃ ១គ្រឿង
៣.លុយ ១០០ $
៤.លិខិតឆ្លងដែន ៣ច្បាប់ ។ ក្រៅពីនេះ
សមត្ថកិច្ចដកហូតបានម៉ូតូ មួយគ្រឿងម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ ១គ្រឿង ស្លាកលេខ ព្រះសីហនុ 1B-8918 (ជាមធ្យាបាយ ធ្វើសកម្មភាព )។
ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី បញ្ជូនទៅតុលាការ៕


