កម្មវិធីបង្កើនការព្យាបាលជំងឺកូវីដ១៩ របស់ WHO កំពុងរៀបផែនការទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ក្នុងតម្លៃ ១០ ដុល្លារ សម្រាប់ចែកចាយទៅប្រទេសមានប្រាក់ចំណូលតិច
- BY
- autoadmin
- October 20, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កម្មវិធីបង្កើនការព្យាបាលជំងឺ COVID-19 (Access to COVID-19 Tools Accelerator) ឬហៅកាត់ថា ACT-A ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងជំងឺ COVID-19, ការធ្វើតេស្ត និងការព្យាបាលដោយយុត្តិធម៌ កំពុងមានគោលបំណងប្រមូលទិញថ្នាំប្រឆាំងជំងឺ COVID-19 សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល នៅក្នុងតម្លៃត្រឹមតែ ១០ ដុល្លារអាមេរិកក្នុង ១ ឈុត។ ជាមួយគ្នានេះ ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck ក៏ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងគម្រោងទិញនោះផងដែរ។

កម្មវិធី ACT-A បាននិយាយថា ខ្លួនចង់ផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ប្រហែល ១ ពាន់លាន ដល់ប្រទេសក្រីក្រ និងទិញថ្នាំគ្រាប់ ដើម្បីព្យាបាលដល់អ្នកជំងឺ ១២០ លាននាក់ ទូទាំងពិភពលោក នៅក្នុងចំណោមអ្នកជំងឺ COVID-19 ថ្មីប្រហែល ២០០ លាននាក់ ដែលពួកគេបានប៉ាន់ស្មានទុកក្នុងរយៈពេល ១២ ខែខាងមុខនេះ។ ផែនការទាំងនេះបង្ហាញពីរបៀបដែល WHO ចង់ផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តក្នុងតម្លៃទាប បន្ទាប់ពីកន្លងមកខ្លួនបានចាញ់ការប្រកួតប្រជែងវ៉ាក់សាំងជាមួយប្រទេសអ្នកមាន ដែលធ្វើឱ្យប្រទេសក្រីក្របានទទួលវ៉ាក់សាំងតិចបំផុត។
កម្មវិធី ACT-A ក៏បានស្នើសុំមេដឹកនាំ G20 និងម្ចាស់ជំនួយផ្សេងទៀត សម្រាប់ទឹកប្រាក់ចំនួន ២២.៨ ពាន់លានដុល្លារ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងប្រើប្រាស់សម្រាប់ការទិញ និងចែកចាយវ៉ាក់សាំង ថ្នាំព្យាបាល និងការធ្វើតេស្តដល់ប្រទេសក្រីក្រ ហើយបង្រួមគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ គិតមកទល់ពេលនេះ ម្ចាស់ជំនួយរបស់ WHO ក៏បានសន្យានូវកញ្ចប់ថវិកា១៨.៥ ពាន់លានដុល្លារ រួចហើយដែរសម្រាប់កម្មវិធីនេះ។ ការពិតទៅវាមិនច្បាស់ថា ថ្នាំ Molnupiravir នឹងមានតម្លៃប៉ុនណានោះទេ ប៉ុន្តែ ACT-A គ្រោងទិញក្នុងតម្លៃ ១០ដុល្លារ ក្នុងមួយឈុតព្យាបាល (course) ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






