អន្តរជាតិ

ការសិក្សាបានបង្ហាញថា មូសខ្លាមកពីអាស៊ីបូព៌ា Aedes koreicus កំពុងវាយលុកប្រទេសអ៊ីតាលី ហើយអាចជាភ្នាក់ងារចម្លងមេរោគថ្មីៗ

BY
autoadmin
October 21, 2021

យោងតាមរបាយការណ៍វិទ្យាសាស្ត្រថ្មីមួយបានឱ្យដឹងថា ប្រភេទមូសខ្លាដែលរាតត្បាតមកពីអាស៊ីបូព៌ាកំពុងរីករាលដាលបន្តិចម្តងៗ នៅទូទាំងប្រទេសអ៊ីតាលី ហើយអាចជាប្រភពចម្លងមេរោគថ្មីៗ។ អត្ថបទមួយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Parasites & Vectors កាលពីសប្តាហ៍មុនបានអះអាងថា សត្វមូសខ្លាមួយប្រភេទដែលគេស្គាល់ថាជា Aedes koreicus បានពង្រីកខ្លួនឆ្ពោះទៅភាគនិរតីប្រទេសអ៊ីតាលី ចាប់តាំងពីវាត្រូវបានគេរកឃើញនៅភាគខាងជើងក្នុងឆ្នាំ២០១១ ហើយខ្លួនក៏មានឯកសារស្ដីពីការរំកិលខ្លួនរបស់មូសខ្លាប្រភេទនេះ ដែលជាបញ្ហាថ្មីមួយដ៏គួរឱ្យព្រួយបារម្ភ។

ចំពោះការពិពណ៌នាដែលថា មូសខ្លាប្រភេទនេះគឺជា «ភ្នាក់ងារចម្លងពពួកអៀនណេម៉ាតូដ (nematodes) និងមេរោគសក្តានុពលជាច្រើនទៀត» អត្ថបទនោះបានព្រមានថា វត្តមានរបស់ពួកវាត្រូវបានគេរាយការណ៍ពីក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ហើយមូសខ្លាប្រភេទនេះគឺកំពុងរីករាលដាលឆ្ពោះទៅភាគនិរតីនៃប្រទេសអ៊ីតាលី។ ពួកគេបានក៏រកឃើញដង្កូវទឹកចំនួន ៦,០០០ ក្បាល នៅក្រុង Bergamo តំបន់ Lombardy របស់ប្រទេសអ៊ីតាលី ដែលក្នុងនោះមានដង្កូវទឹកប្រមាណ ៥០ ក្បាល ជាពពួករបស់មូស Aedes koreicus ។

ប្រភពបានអះអាងថា របកគំហើញនេះបញ្ជាក់ពីការរីករាលដាលរបស់មូសខ្លា Aedes koreicus នៅភាគខាងជើងប្រទេសអ៊ីតាលី និងការព្រួយបារម្ភអំពីតួនាទីដែលវានឹងក្លាយជាភ្នាក់ងារចម្លងនៅក្នុងតំបន់ Alpine ។ ប្រភពបាននិយាយថា ពួកគេត្រូវការកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីត្រួតពិនិត្យមូស និងការពារកុំឱ្យវាក្លាយជាភ្នាក់ងារបង្កជំងឺថ្មីៗផ្សេងទៀត។ គួរឱ្យដឹងដែរថា មូសខ្លា Aedes koreicus ពីមុនមករស់នៅក្នុងប្រទេសកូរ៉េ ជប៉ុន និងផ្នែកខ្លះនៃប្រទេសចិន និងរុស្ស៊ី ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់បណ្តាប្រទេសអាស៊ី និងអឺរ៉ុបផ្សេងទៀត រួមមានកាហ្សាក់ស្ថាន អាល្លឺម៉ង់ និងស្វីស៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: