អន្តរជាតិ

សហរដ្ឋអាមេរិកត្រៀមរៀបចំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារតូចៗអាយុពី ៥ ទៅ ១១ឆ្នាំ នៅពេលដែលភ្នាក់ងារ FDA នឹងផ្ដល់ការអនុញ្ញាតចំពោះក្រុមអាយុនេះ

BY
autoadmin
October 21, 2021

រដ្ឋបាលរបស់លោក ចូ បៃដិន បានគូសបញ្ជាក់ពីផែនការរបស់ខ្លួន នៅក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារអាមេរិករាប់លាននាក់ ដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលវ៉ាក់សាំងត្រូវបានអនុញ្ញាតសម្រាប់ក្រុមអាយុនេះ ហើយចំពោះវ៉ាក់សាំង និងទីតាំងសម្រាប់ការចាក់ ក៏កំពុងត្រូវបានគេរៀបចំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីយប់ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ។ សេតវិមានបាននិយាយថា ខ្លួននឹងធ្វើការដើម្បីបង្កើតគ្លីនិកនៅក្នុងប្រព័ន្ធមន្ទីរពេទ្យកុមារជាង ១០០ នៅទូទាំងប្រទេស ក៏ដូចជាការិយាល័យវេជ្ជបណ្ឌិត ឱសថស្ថាន និងសាលារៀន សម្រាប់ជួយដល់គម្រោងមួយនេះ។

អ្នកនាំពាក្យរបស់សេតវិមានបាននិយាយថា ប្រសិនបើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc និងដៃគូ BioNTech SE ទទួលបានការអនុញ្ញាតទូលំទូលាយពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ផែនការនេះមានគោលបំណងធានាការចែកចាយបានរហ័ស និងសមធម៌។ ឥឡូវនេះមន្រ្តី FDA កំពុងពិនិត្យឡើងវិញនូវទិន្នន័យរបស់ Pfizer/BioNTech ដែលសុំការអនុញ្ញាតលើវ៉ាក់សាំងដូសទី២ សម្រាប់កុមារតូចៗ ដោយក្រុមប្រឹក្សារបស់ FDA នឹងថ្លឹងថ្លែងវានៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ។ ចំណែកទីប្រឹក្សារបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) ក៏នឹងថ្លឹងថ្លែងពីអនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងលើកុមារនេះ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនព ហើយនឹងជួយជូនដំណឹងដល់ការសម្រេចចិត្តចុងក្រោយដោយ FDA ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: