អន្តរជាតិ

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Johnson & Johnson និង Moderna

BY
autoadmin
October 21, 2021

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកនៅយប់ថ្ងៃពុធនេះ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Johnson & Johnson និង Moderna ដែលជាជំហានសំខាន់ថ្មីមួយ នៅក្នុងដំណើរការចែកចាយដូសទី៣ ឬ Booster ទៅកាន់ពលរដ្ឋរបស់ខ្លួនចំនួន ១០ លាននាក់បន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះដែរ និយតករអាមេរិកមួយនេះ ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង «លាយបញ្ចូលគ្នា និងត្រូវគ្នា» ដែលប្រការនេះនឹងអនុញ្ញាតឱ្យជនជាតិអាមេរិកទាំងឡាយ អាចទទួលបានវ៉ាក់សាំងដូសទី៣ ខុសពីប្រភេទវ៉ាក់សាំងដំបូងដែលពួកគេបានចាក់។

ការបើកផ្លូវរបស់ FDA បានកើតឡើងទៅតាមការរំពឹងទុក បន្ទាប់កាលពីសប្តាហ៍មុននេះ ទីភ្នាក់ងារវ៉ាក់សាំង និងគណៈកម្មាធិការប្រឹក្សាផលិតផលជីវសាស្ត្រ បានផ្តល់អនុសាសន៍ជាឯកច្ឆន្ទចំពោះវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុនទាំង ២ ។ គណៈកម្មាធិការបានណែនាំឱ្យប្រើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Moderna លើមនុស្សចាស់ និងមនុស្សវ័យជំទង់ងាយមានហានិភ័យ ក្រោយរយៈពេល ៦ខែ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបង្ការដូសទី២។ ចំណែកវ៉ាក់សាំងដូសទី៣ របស់ J&J ត្រូវបានណែនាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងនេះយ៉ាងហោចណាស់រយៈពេល ២ខែ កន្លងទៅ។

សេចក្តីសម្រេចនេះនឹងត្រូវប្រគល់ទៅឱ្យមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) និងគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់ខ្លួន ដែលបានកំណត់ពេលកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីទិន្នន័យរបស់ Johnson & Johnson និង Moderna ។ ប្រសិនបើគណៈកម្មាធិការចេញសេចក្តីណែនាំ ហើយនាយក CDC លោកវេជ្ជបណ្ឌិត Rochelle Walensky បានចុះហត្ថលេខាចំពោះការសម្រេចនេះ នោះវ៉ាក់សាំងដូសទី ៣ អាចត្រូវបានចែកចាយភ្លាមៗដល់ពលរដ្ឋដែលមានសិទ្ធិ។ ការអនុញ្ញាតនេះនឹងបើកផ្លូវដល់មនុស្សជាង ១៥ លាននាក់ ដែលបានចាក់វ៉ាក់សាំង J&J និងមនុស្សជាង ៦៩ លាននាក់ ដែលបានទទួលវ៉ាក់សាំងពេញលេញពី Moderna ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: