ចំនួនអ្នកស្លាប់ដោយរលកស៊ូណាមីនៅឥណ្ឌូនេស៊ីកើនដល់ ១៤០៧ នាក់ ខណៈមានភ្នំភ្លើងមួយបានផ្ទុះបន្ថែមទៀត
ខណៈដែលអាជ្ញាធរឥណ្ឌូនេស៊ីកំពុងតែដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះដោយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើកោះ Sulawesi នោះ កាលពីម្សិលមិញនេះមានភ្នំភ្លើងមួយបានផ្ទុះបន្ថែមទៀត។ ភ្នំភ្លើងមួយនេះមានឈ្មោះថា ភ្នំ Soputan ស្ថិតនៅភាគខាងជើងនៃកោះ Sulawesi ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាន ឲ្យដឹងថា ភ្នំភ្លើងនេះបានផ្ទុះឡើងនៅម៉ោង ៨ ព្រឹកថ្ងៃពុធ ហើយវាបានបង្កឲ្យមានផះកម្ពស់ ៤ គីឡូម៉ែត្របានហោះឡើងក្នុងបរិយាកាស តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីផលប៉ះពាល់នៃការផ្ទុះភ្នំភ្លើងនេះនៅឡើយទេ។
បើតាមអាជ្ញាធរម៉ាឡេស៊ីបានបន្ថែមថា ការផ្ទុះភ្នំភ្លើងមិនបានប៉ះពាល់ដល់ក្រុមការងារជួយសង្គ្រោះជនរងគ្រោះនៅលើកោះ Sulawesi នោះទេ តែវាបានបង្កើតជាក្តីព្រួយបារម្តមួយបន្ថែមទៀត ព្រោះថាភ្នំភ្លើងធំៗផ្សេងទៀតអាចនឹងផ្ទុះឡើងដែរ និងអាចបង្កជាគ្រោះថ្នាក់ទ្រង់ទ្រាយធំនៅពេលខាងមុខ។ ត្រលប់មកបញ្ហាជួយសង្គ្រោះជនរងគ្រោះនៅលើកោះ Sulawesi វិញ គិតមកទល់នឹងពេលនេះគេបានរកឃើញសាកសពជនរងគ្រោះចំនួន ១៤០៧ នាក់ហើយ ខណៈដែលក្រុមការងារជួយសង្គ្រោះកំពុងបន្តស្វែងជនរងគ្រោះនៅក្នុងគំនរបាក់បែកជាច្រើនទៀត ហើយគេរំពឹងថាចំនួនអ្នកស្លាប់អាចនឹងបន្តកើតឡើងបន្ថែមទៀត៕


អត្ថបទ៖ ភក្តី
ប្រភព៖ CNN