អន្តរជាតិ

ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស កំពុង​ឃ្លាំ​មើល​ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី «Delta Plus» ដោយសង្ស័យថា វាមានការចម្លងលឿនជាងការយល់ឃើញពីមុន

BY
autoadmin
October 23, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងដាក់ការស៊ើបអង្កេតទៅលើជំងឺ COVID-19 បំប្លែងខ្លួន «Delta Plus» ឬ AY.4.2 ដោយសារអ្នកជំនាញខ្លះយល់ថា វ៉ារ្យ៉ង់នេះមានការឆ្លងរាលដាលឆាប់រហ័សជាងវ៉ារ៉្យង់ Delta ធម្មតា។ យ៉ាងណាក៏ដោយវានៅមិនទាន់ច្បាស់ថា វ៉ារ្យ៉ង់នេះអាចមានសមត្ថភាពធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរ ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាពចំពោះវ៉ារ្យ៉ង់ប្រភេទនេះ។

នៅក្នុងឯកសារមួយរបស់ UKHSA បានអះអាងថា ចំនួនតួលេខជាផ្លូវការនៃអ្នកឆ្លងជំងឺ COVID-19 នៅចក្រភពអង់គ្លេសចំនួន ៦% គឺបានឆ្លងវ៉ារ្យ៉ង់ Delta Plus នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយវាទំនងជាមានអត្រាកំណើននៅក្នុង UK ផ្ទាល់ផងដែរ។ យ៉ាងណាក៏ដោយ Delta Plus នៅមិនទាន់ក្លាយជាវ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភនៅឡើយទេ ដោយសារអ្នកជំនាញនៅតែគិតថា វានឹងមិនធ្វើឱ្យមានការឆ្លងទ្រង់ទ្រាយធំ ហើយក៏ទំនងជាមិនអាចគេចចេញពីវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្នបានទេ។

គួរឱ្យដឹងដែរថា AY.4.2 គឺជាការបំប្លែងខ្លួនចេញពីវ៉ារ្យ៉ង់ Delta ដោយមានការចូលរួមពីលំដាប់ហ្សែនដែលប្រែប្រួលថ្មីៗ ឬ Mutation រួមមាន៖ Y145H និង A222V ដែលនឹងរំញោច spike ប្រូតេអ៊ីន ធ្វើឱ្យវីរុសនៃជំងឺ COVID-19 ជ្រៀតចូលទៅកោសិកាមនុស្សបាន។ វ៉ារ្យ៉ង់នេះនៅមិនទាន់មានទិន្នន័យទូលំទូលាយទេ ខណៈឥឡូវនេះ ចក្រភពអង់គ្លេសក៏កំពុងបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន នៅមុនពេលរដូវរងាចូលមកដល់ ដើម្បីធានាថាពលរដ្ឋមានការការពារគ្រប់គ្រាន់ ហើយពួកគេក៏មិនទាន់ចាំបាច់អី ក្នុងការធ្វើបច្ចុប្បន្នភាព លើវ៉ាក់សាំងបច្ចុប្បន្នដែលមានស្រាប់នោះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: