យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកទោសនរយោបាយរាប់សិបនាក់ឡើងវិញ ក្រោយពេលពួកគេត្រូវបានដោះលែងមិនទាន់បានប៉ុន្មានម៉ោង
- BY
- autoadmin
- October 23, 2021
ក្រុមសិទ្ធិមនុស្សមីយ៉ាន់ម៉ាបាននិយាយថា ពលរដ្ឋប្រមាណ ១១០ នាក់ ត្រូវបានចាប់ខ្លួនឡើងវិញភ្លាមៗ បន្ទាប់ពីពួកគេត្រូវបានដោះលែង ហើយក្នុងនោះក៏រួមជាមួយនឹងអ្នកទោសនយោបាយមួយចំនួនផងដែរ។ រំលឹកផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមដោះលែងពលរដ្ឋជាង ៥,៦០០ នាក់ ដែលភាគច្រើនពួកគេត្រូវបានចាប់ខ្លួននៅអំឡុងពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដោយសារតែមានសម្ពាធជាច្រើនពីអន្តរជាតិ។ ប្រភពបាននិយាយថា ពលរដ្ឋទាំងនោះត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីពួកគេបានជួបក្រុមគ្រួសារ ឬសូម្បីតែមិនទាន់ចេញផុតពីមាត់ទ្វារពន្ធនាគារ។ នេះគឺជាទម្រង់នៃការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្តសម្រាប់អ្នកទោសនយោបាយ និងក្រុមគ្រួសាររបស់ពួកគេ។

ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងប៉ះពាល់ដល់នយោបាយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ខណៈអាស៊ានផ្ទាល់ក៏បានសម្រេចដកឧត្តមសេនីយមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ចេញពីកិច្ចប្រជុំកំពូលរបស់ខ្លួននៅសប្តាហ៍ក្រោយ ហើយនេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាស៊ានឡើយ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាស៊ានគួរតែគិតឡើងវិញនូវគោលនយោបាយមិនជ្រៀតជ្រែករបស់ខ្លួន ហើយគួរតែគិតគូដល់បញ្ហារបស់ប្រទេសក្នុងអាស៊ានចំនួន ៩ ផ្សេងទៀតផងដែរ ដោយបន្ថែមថា៖«ពួកយើងមិនអាចយកគោលនយោបាលមិនជ្រៀតជ្រែកមកដាក់មុខបានទេ នៅពេលដែលបញ្ហាត្រូវបានលើកឡើង»។
ជាមួយគ្នានេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ានម៉ា បានប្រាប់មហាសន្និបាតកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានការណ៍នៅប្រទេសមីយ៉ានម៉ាគឺកាន់តែយ៉ាប់យ៉ឺន។ លោកស្រីបានព្រមានថា ឱកាសវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យគឺកាន់តែស្ដួចស្ដើង ដោយបន្ថែមថា វាជារឿងសំខាន់ដែលរដ្ឋាភិបាលនានា និងអង្គការសហប្រជាជាតិ មិនមានសញ្ញាទទួលស្គាល់របបយោធាណាមួយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






